លោក ប្រាយុទ្ធ ចាន់អូចា អំពាវនាវឲ្យ ឡាវ ចិន និងមីយ៉ាន់ម៉ា បើកបង្ហូរទឹកបន្ថែម ចូលទៅកាន់ទន្លេ ដើម្បីបន្ធូរបន្ថយភាពរាំងស្ងួតនៅថៃ

ថៃ៖ រដ្ឋាភិបាលថៃ បានស្នើឲ្យប្រទេសនៅតាមដងទន្លេមេគង្គប៉ែកខាងលើ ក្នុងនោះរួមមាន ចិន ឡាវ និងមីយ៉ាន់ម៉ា បើកបង្ហូរទឹកបន្ថែមចូលទៅកាន់ទន្លេ ដើម្បីជួយបន្ធូរបន្ថយភាពរាំងស្ងួតក្នុងប្រទេសថៃ។ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា ប្រទេសទាំងនេះ បានយល់ព្រមសហការ។

នាយករដ្ឋមន្ត្រីថៃរូបនេះបានលើកឡើងនៅថ្ងៃពុធនេះថា ប្រទេសទាំងបីនេះ កំពុងសហការយ៉ាងល្អជាមួយអាជ្ញាធរថៃ ទោះបីជាពួកគេមានបរិមាណទឹកកំណត់ក្នុងអាងស្តុកទឹកខ្លួនក៏ដោយ។ លោក ប្រាយុទ្ធ បានអះអាងទៀតថា ក្រសួងការបរទេសថៃ និងការិយាល័យធនធានទឹកជាតិ នឹងបន្តការចរចាទៅមុខទៀតជាមួយភាគីទាំងបីនេះ។

គួរបញ្ជាក់ថា នាយកដ្ឋានអង្ករថៃ បានបញ្ជាក់ឲ្យដឹងថា ការខ្សត់ភ្លៀងធ្លាក់បានប៉ះពាល់ដល់ផ្ទៃដីដាំដុះស្រូវ១,៦លានហិកតាក្នុងខេត្តចំនួន២០ ក្នុងភូមិភាគខាងជើងភាគឦសាន និងកណ្តាលនៃប្រទេសថៃ ។ ដោយឡែកសមាគមនាំចេញអង្ករថៃ ក៏បានព្រមានដែរថា ប្រសិនបើគ្មានភ្លៀងធ្លាក់នាដើមខែសីហាខាងមុខទេនោះ បញ្ហាកង្វះទឹកនឹងកាត់បន្ថយផលិតកម្មអង្ករ ហើយតម្លៃអង្ករនឹងកើនឡើងនៅត្រីមាសទី៣ ឆ្នាំ២០១៩នេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner