ព្រះមហាក្សត្រធ្វើព្រះរាជសារថ្វាយរំលែកទុក្ខក្រុមគ្រួសារដែលមានកូនប្រុសបាត់បង់ជីវិត នៅអ៊ីស្រាអែល (Video Inside)

ព្រះមហាក្សត្រខ្មែរបានមានព្រះរាជបន្ទូលសម្តែងក្តីសោកស្តាយការបាត់ជីវិតនិស្សិតខ្មែរ លោក ចាន់ ឧត្តម ក្នុងហេតុការណ៍ដែលមានការវាយប្រហារគ្នានៅប្រទេសអ៊ីស្រាអែល។ ព្រះរាជសារថ្ងៃទី៩ តុលា ឆ្នាំ២០២៣ ដែលបញ្ជាក់នូវព្រះរាជបន្ទូលសោកស្តាយ បានធ្វើទៅកាន់ក្រុមគ្រួសាររបស់លោក ចាន់ ឧត្តម ដើម្បីការចូលរួមរំលែកមរណទុក្ខ។

ព្រះអង្គបានមានព្រះរាជបន្ទូលបញ្ជាក់ក្នុងសារលិខិតថា «ខ្ញុំមានសេចក្តីសោកស្តាយជាពន់ពេក ដោយទទួលបានដំណឹងដ៏ក្រៀមក្រំថា លោក ចាន់ ឧត្តម ដែលត្រូវជាកូនប្រុសបង្កើត របស់លោក លោកស្រី និងជានិស្សិតនៅសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បានទទួលមរណភាព ក្នុងអាយុ២៤ឆ្នាំ ដោយសារហេតុការណ៍ប្រយុទ្ធរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស នៅថ្ងៃសៅរ៍ ទី៧ តុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលលោកស្នាក់នៅ និងបន្តការសិក្សា នៅប្រទេសអ៊ីស្រាអែល»។

ព្រះអង្គបានមានបន្ទូលបន្តក្នុងព្រះរាជសារទៀតថា «ខ្ញុំសូមសម្តែងក្តីសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោក លោកស្រី និងក្រុមគ្រួសារ នៃសព ចំពោះការបាត់បង់លោក ចាន់ ឧត្តម ដែលជាការបាត់បង់នូវធនធាននិស្សិតផ្នែកកសិកម្មមួយរូប ដើម្បីនាំយកនូវចំណេះដឹងមកចូលរួមបំរើជាតិមាតុភូមិ»។

ព្រះរាជសារបានបញ្ជាក់ចុងក្រោយថា «សូមវិញ្ញាណក្ខ័ន្ធលោក ចាន់ ឧត្តម អញ្ជើញទៅកាន់សុគតិភពកុំបីខាន»។

ads banner