ក្រសួងការបរទេសកម្ពុជាអំពាវនាវការដោះស្រាយទំនាស់រវាងប៉ាឡេស្ទី និងអ៊ីស្រាអែល តាមមធ្យោបាយសន្តិភាព (Video Inside)
ក្រសួងការបរទេសកម្ពុជាបានអំពាវនាវការស្វែងរកដំណោះស្រាយដោយសន្តិវិធីពាក់ព័ន្ធនឹង ស្ថានការណ៍បង្ហូរឈាមកើតឡើងក្នុងទឹកដីអ៊ីស្រាអែល ក្រោយសេចក្តីរាយការណ៍ជុំវិញមនុស្សស្លាប់ជាង ១ពាន់នាក់ ដោយសារអំពើប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
និស្សិតខ្មែរម្នាក់ឈ្មោះ ចាន់ ឧត្តម អាយុ២៤ឆ្នាំ ដែលកំពុងសិក្សា និងស្នាក់នៅក្នុងប្រទេសអ៊ីស្រាអែល បានបាត់បង់ជីវិត ក្នុងអំពើវាយប្រហារដោយក្រុមហាម៉ាស ដែលបាញ់គ្រាប់រ៉ុក្កែត ច្រើនពាន់គ្រាប់ និងធ្វើសកម្មភាពវាយលុកផ្លេកបន្ទោរចូលបំពានក្នុងទឹកដីអ៊ីស្រាអែល ក្នុងព្រឹត្តិការណ៍វាយប្រហារដ៏ភ្ញាក់ផ្អើលមួយ កាលពីទាបភ្លឺថ្ងៃសៅរ៍ទី៧ តុលា ឆ្នាំ២០២៣។
គិតត្រឹមថ្ងៃអាទិត្យ ទី៨ តុលា ឆ្នាំ២០២៣, ការវាយប្រហាររបស់ក្រុមហាម៉ាស បានសម្លាប់មនុស្សប្រមាណ៧០០នាក់ ក្នុងប្រទេសអ៊ីស្រាអែល និងមានមនុស្សច្រើនពាន់នាក់បានរងរបួស…ចំណែកការវាយប្រហារសងសឹករបស់អ៊ីស្រាអែលដាក់មកលើតំបន់ហ្គាហ្សាស្ទ្រីបវិញ បានធ្វើឱ្យមានមនុស្សស្លាប់ជាង៤០០នាក់ និងច្រើនពាន់នាក់បានរងរបួស។
រដ្ឋាភិបាលអ៊ីស្រាអែល បានប្រកាសការធ្វើសង្គ្រាមដាក់លើតំបន់ហ្គាហ្សា នៃទឹកដីប៉ាឡេស្ទីន ទំហំ៣៦៥គីឡូម៉ែត្រក្រឡា ដែលមានពលរដ្ឋរស់នៅជាង២លាននាក់។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាថ្ងៃទី៨តុលា បានសម្តែងក្តីសោកស្តាយចំពោះហេតុការណ៍វាយប្រហារគ្នានោះ និងកម្ពុជា «សូមអំពាវនាវឱ្យភាគីគ្រប់ទាំងអស់ អនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងស្វែងរកមធ្យោបាយនានា ដើម្បីកាត់បន្ថយអំពើហិង្សា និងឆ្ពោះទៅរកបទឈប់បាញ់ ដោយផ្តោតលើអាទិភាពការពារអាយុជីវិតជនស៊ីវិល និងការគោរពខ្ជាប់ខ្ជួននូវច្បាប់មនុស្សធម៌អន្តរជាតិ»។
សេចក្តីថ្លែងការណ៍កម្ពុជាដដែល បាន «ទទួចឱ្យសហគមន៍អន្តរជាតិបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីសម្របសម្រួលកិច្ចសន្ទនា និងកិច្ចចរចាប្រកបដោយអត្ថន័យឆ្ពោះទៅរកសន្តិភាព ស្ថិរភាព ប្រកបដោយយុត្តិធម៌»។