សមាជិកជាន់ខ្ពស់គណបក្សភ្លើងទៀន ២រូប សុំចាកចេញចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

សមាជិកជាន់ខ្ពស់គណបក្សភ្លើងទៀន ២រូប បានប្រកាសការចាកចេញពីគណបក្សរបស់ខ្លួន និងបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សមាជិកជាន់ខ្ពស់របស់គណបក្សប្រឆាំងទាំង២នេះ រួមមានឈ្មោះ វង រុន្នី ប្រធានចលនាស្ត្រីថ្នាក់ជាតិ និងជាសមាជិកគណៈកម្មាធិការនាយកបក្សភ្លើងទៀន…និងម្នាក់ទៀតឈ្មោះគឹម សុភា សមាជិកគណៈកម្មាធិការនាយក និងជាអនុប្រធានក្រុមការងារគណបក្សភ្លើងទៀន រាជធានីភ្នំពេញ។

មនុស្សទាំង២នាក់នេះ គឺធ្លាប់ជាអតីតអ្នកស្មោះត្រង់ដល់គណបក្សភ្លើងទៀន និងត្រូវគេរាយការណ៍ថា ក៏ធ្លាប់ត្រូវបានចាប់ខ្លួនក្នុងអម្លុងខែកក្កដា ដោយសារតែអំពើញុះញង់ពលរដ្ឋឱ្យគូសបំផ្លាញសន្លឹកឆ្នោតចោល។

ឈ្មោះ គឹម សុភា និង វង រុន្នី ក្រោយមកត្រូវបានតុលាការដោះលែងឱ្យក្រៅឃុំ ប៉ុន្តែគណបក្សភ្លើងទៀន បានឆ្លៀតយកឱកាសដោះលែងនៅក្រៅឃុំនោះ ស្វែងរកភាពចំណេញនយោបាយរបស់ខ្លួន ដែលអំពើនោះបានធ្វើឱ្យសមាជិកជាន់ខ្ពស់គណបក្សភ្លើងទៀនទាំង ២រូប អស់ទឹកចិត្តគាំទ្រ និងបានធ្វើវីដេអូរៀងៗខ្លួន បញ្ជាក់ការចាកចេញពីគណបក្សភ្លើងទៀន និងសូមមករួមរស់ជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជាវិញ។

អ្នកទាំង២ដដែលនោះបានបរិហាថា ក្នុងពេលដែលពួកគេទាំង២ ស្ថិតក្នុងការឃុំឃាំងខ្លួននោះ មិនដែលមានមន្ត្រីគណបក្សភ្លើងទៀនណា បានចុះមកសាកសួរសុខទុក្ខឡើយ។

ads banner