រដ្ឋសភាកម្ពុជាបង្ហាញក្តីព្រួយបារម្ភដល់សុខទុក្ខនិស្សិត និងពលរដ្ឋខ្មែរក្នុងអ៊ីស្រាអែល (Video Inside)
រដ្ឋសភានៃប្រទេសកម្ពុជា បានបង្ហាញក្តីព្រួយបារម្ភជុំវិញសុខទុក្ខរបស់ពលរដ្ឋ និងនិស្សិតខ្មែរ ចំនួន ៤៥០នាក់ ដែលកំពុងរស់នៅ និងសិក្សាក្នុងប្រទេសអ៊ីស្រាអែល។
ការបង្ហាញក្តីព្រួយបារម្ភនេះ បានធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃចន្ទទី៩តុលា បន្ទាប់ពីព្រឹត្តិការណ៍វាយប្រហារគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានធ្វើឱ្យមនុស្សស្លាប់ជាង ១ពាន់នាក់ ក្នុងរយៈពេលតែ ២ថ្ងៃ និងមានមនុស្សច្រើនពាន់នាក់រងរបួស។ ក្នុងចំណោមអ្នកស្លាប់ ក៏រួមមានជនជាតិខ្មែរម្នាក់គឺនិស្សិត ចាន់ ឧត្តម អាយុ២៤ឆ្នាំ។
សេចក្តីថ្លែងការណ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នូវការគាំទ្រយ៉ាងពេញទំហឹង របស់ចំណាត់ការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជុំវិញវិធានការបន្ទាន់ ដើម្បីជួយពលរដ្ឋខ្មែរ និងនិស្សិតកម្ពុជា ដែលស្ថិតនៅទីនោះ។
គួរបញ្ជាក់ថាសម្តេចធិបតី ហ៊ុន ម៉ាណែត ចាប់តាំងពីថ្ងៃសៅរ៍ ដែលមានសភាពការណ៍បង្ហូរឈាមផ្ទុះឡើង ក្នុងតំបន់ដែលមានពលរដ្ឋខ្មែរ រស់នៅលើទឹកដីអ៊ីស្រាអែលនោះមក, សម្តេចបានថ្លែងតាមបណ្តាញសង្គមជាបន្តបន្ទាប់ទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
សម្តេចធិបតីបានថ្លែងបង្ហាញក្តីសោកស្តាយចូលរួមសម្តែងមរណទុក្ខជាមួយក្រុមគ្រួសារនិស្សិត ចាន់ ឧត្តម និងបានបញ្ជាក់ថារាជរដ្ឋាភិបាលនឹងព្យាយាមគ្រប់លទ្ធភាព ក្នុងការជួយសម្របសម្រួល ដើម្បីការធ្វើមាតុភូមិនិវត្តន៍សាកសពលោក ចាន់ ឧត្តម ដើម្បីការវិលត្រឡប់មកមាតុប្រទេសវិញ។
ការបង្ហាញក្តីព្រួយបារម្ភជុំវិញសុខទុក្ខរបស់ពលរដ្ឋ និងនិស្សិតខ្មែរ នៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានយកចិត្តទុកដាក់ផងដែរ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
គិតត្រឹមថ្ងៃអាទិត្យ ទី៨ តុលា ឆ្នាំ២០២៣, ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស របស់ប៉ាឡេស្ទីន បានសម្លាប់មនុស្សជាង ១ពាន់ ១០០នាក់ ក្នុងនោះរួមមានប្រមាណ ៧០០នាក់ស្លាប់ ក្នុងប្រទេសអ៊ីស្រាអែល ចំណែកជាង ៣០០នាក់ទៀត បានស្លាប់នៅតំបន់ហ្គាហ្សាលើទឹកដីប៉ាឡេស្ទីន ដោយសារការវាយប្រហារសងសឹកតាមផ្លូវអាកាសរបស់អ៊ីស្រាអែល។