សម្ដេចធិបតី៖ យុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ មានគោលដៅដូចគ្នានឹងអ្វីដែលរាជរដ្ឋាភិបាល​កំពុងជួយពលរដ្ឋ និងនិស្សិតខ្មែរនៅអ៊ីស្រាអែល

ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា ផ្អែកតាមការកំណត់និយមន័យ គឺសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅ​ប្រព័ន្ធមានលក្ខណៈវិនិច្ឆ័យខុសគ្នាខ្លះ ប៉ុន្តែសម្ដេចបានសង្កត់ធ្ងន់ថា«អ្នកធ្វើការទាំងក្នុងនិងក្រៅប្រព័ន្ធ សុទ្ធតែជាពលរដ្ឋខ្មែរដែលយើងមាន​កាតព្វកិច្ចត្រូវខិតខំយកអស់កម្លាំងកាយចិត្តដើម្បីជួយពួកគាត់គ្រប់គ្នា»។ សម្ដេចបានសង្កត់ធ្ងន់ថា ការក្ដាប់បានព័ត៌មាន និងទិន្នន័យគឺជា​រឿង​សំខាន់​ក្នុងការផ្ដល់ការគាំទ្រ និងជំនួយផ្សេងៗ។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធឱ្យអនុវត្តជាផ្លូវការ«យុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

បើតាមសម្ដេចធិបតី អ្នកធ្វើការងារក្រៅប្រព័ន្ធ ថ្វីដ្បិតថាលទ្ធភាពនៃការធ្វើការ អាចជាការប្រកបរបរចិញ្ចឹមជីវិតទ្រង់ទ្រាយតូច ប៉ុន្តែសម្ដេច​បានអះអាងថា អ្នកធ្វើការងារក្រៅប្រព័ន្ធ ក៏ជាកម្លាំងចលករធំមួយសម្រាប់សេដ្ឋកិច្ចជាតិ ជាក់ស្ដែង អត្រា៧០៩ភាគរយ នៃការបង្កើតការងារ គឺនៅក្នុងវិស័យក្រៅប្រព័ន្ធនេះឯង។ សម្ដេចបន្ថែមថាទោះបីជាផ្ដល់អត្រាការងារធ្វើច្រើន ប៉ុន្តែអ្នកធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្ថិតក្នុង​ចំណោមជនងាយរងគ្រោះបំផុតពេលមានវិបត្តិផ្សេងៗ តួយ៉ាងវិបត្តិកូវីដ-១៩ជាដើម។ សម្ដេចក៏បានបន្តថ្លែងដោយប្រៀបធៀប​ទៅនឹង​ការ​ជួយ​ពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសអ៊ីស្រាអែល។

សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា«ការគ្រប់គ្រងព័ត៌មានដើម្បីកំណត់អត្តសញ្ញាណឱ្យបានថាបងប្អូននៅទីណា? អ្នកណា​ខ្លះ? ដើម្បីងាយស្រួលជួយ។ ក្នុងជំនាន់កូវីដ-១៩ ក៏មានបញ្ហា។ ក្នុងបីថ្ងៃនេះ នៅប្រទេសអ៊ីស្រាអែល ដើម្បីជួយពលរដ្ឋ និងនិស្សិតរបស់​យើង ខ្ញុំបានដាក់គោលការណ៍ឱ្យស្ថាប័នពាក់ព័ន្ធធ្វើម៉េច ត្រូវកំណត់ឱ្យបានចំនួនពលរដ្ឋយើងនៅអ៊ីស្រាអែល រកឱ្យឃើញថាគាត់​នៅ​ទីណា? ដើម្បីយើងងាយស្រួលអន្តរាគមន៍ជួយ ហើយមកដល់ព្រឹកមិញនេះ យើងប្រមូលបានទិន្នន័យចំនួន៤៥១នាក់ ។ ក្នុងនោះយើង​បានជម្លៀសចេញ៣២៣នាក់ទៅកន្លែងមានសុវត្ថិភាព នៅ១៣១នាក់ទៀតបន្តនៅតំបន់មានហានិភ័យដែលយើងបន្តសហការជួយ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ទៀតថា «បើយើងមិនមានទិន្នន័យថាគាត់នៅកន្លែងណា យើងពិបាករក ពិបាកជួយ ពិបាក​អន្តរាគមន៍។ អ៊ីចឹងនេះជាគោលដៅធំ ហើយវាអត់ខុសគ្នាពីការដាក់ចេញយុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដើម្បីធ្វើយ៉ាងណាយើងអាចក្ដាប់បានទិន្នន័យ អាចដឹង អាចស្គាល់ ថាបងប្អូននៅទីណា? បងប្អូនត្រូវការអ្វីខ្លះ? ជួយអ្វីខ្លះ?» ។

សូមបញ្ជាក់ថា យុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ត្រូវបានតាក់តែងឡើងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច​ក្រៅ​​ប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ បន្ទាប់ពីកន្លងមក រាជរដ្ឋាភិបាលជួបការប្រឈម និងការលំបាកក្នុងការកំណត់អត្តសញ្ញាណ និងផ្ដល់ការគាំទ្រដល់ប្រជាពលរដ្ឋប្រកបរបរ ឬធ្វើការក្នុង​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ខណៈក្រុមនេះងាយរងគ្រោះក្នុងគ្រាមានវិបត្តិដូចជាវិបត្តិកូវីដ-១៩ជាដើម ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្ត យុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ក្រោមអធីបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថាក្នុង​ជំហានដំបូងនៃការអនុវត្តយុទ្ធសាស្រ្តនេះ រាជរដ្ឋាភិបាលបានកំណត់វិស័យ និងប្រភេទអាជីវកម្ម មុខរបរ និងការងារដែលនឹងទទួលបាន​ប្រយោជន៍ពីយុទ្ធសាស្រ្តនេះ រួមមាន ផ្នែកសហគ្រាស មានលក់ដុំ លក់រាយ និងជួសជុល ផ្ដល់សេវាកម្មស្នាក់នៅនិងអាហារ សិប្បកម្មនិង​សហគមន៍កសិកម្ម អ្នកប្រកបអាជីវកម្មនិងធ្វើការងារជាកម្មករសំណង់ អ្នកបម្រើសេវាកម្មភេសជ្ជៈ កម្សាន្ត ម៉ាស្សា កែសម្ផស្ស សាឡន ជាងកាត់សក់ អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី ម៉ូតូដឹកទំនិញ តាក់ស៊ី អាជីវករលក់តាមផ្សារ សិល្បៈករ សិល្បៈការិនី កីឡាករ អ្នកសារព័ត៌មាន អាជីវករចល័តតាមដងផ្លូវ អ្នកបម្រើសេវាតាមរោងការ និងពលករក្នុងវិស័យកសិកម្ម ។

ប្រព័ន្ធជំនួយសង្គម ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងសម្រាប់ផ្តល់ជំនួយជាថវិកា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការទទួលបានសេវាព្យា​បាលជំងឺដោយឥតគិតថ្លៃជាដើម ដល់ក្រុមពលរដ្ឋក្រីក្រ និងងាយរងគ្រោះ តាមរយៈប័ណ្ណសមធម៌ ។ ក្នុងប្រព័ន្ធជំនួយសង្គមនេះ ក៏មាន​កម្មវិធីផ្សេងៗទៀតដូចជា ការអភិវឌ្ឍធនធានមនុស្ស ការឆ្លើយតបនឹងគ្រោះអាសន្ន សុខមាលភាពសង្គមសម្រាប់មនុស្សចាស់ និងពិការភាព ការគាំពារសុខភាពសង្គម(មូនិធិសមធម៌) និងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេស។ តាមរយៈ យុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកពាក់ព័ន្ធដូចបានបញ្ជាក់ខាងលើ នឹងទទួលបានផលប្រយោជន៍ដូចបានបញ្ជាក់មកនេះជាជំហានៗតាម​ការអនុវត្ត​របស់រាជរដ្ឋាភិបាល ៕ដោយ៖ពលជ័យ

ads banner