បាត់រថយន្តនៅខណ្ឌចំការមនជាង១ឆ្នាំ ស្រាប់តែប្រទះឃើញនៅក្នុងយានដ្ឋានជួសជុលមួយកន្លែងក្នុងខណ្ឌមានជ័យ
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ មានហេតុការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមួយបានកើតឡើង បន្ទាប់ពីមានស្ត្រីម្នាក់កាន់ពាក្យបណ្ដឹង និងប័ណ្ណសម្គាល់យាន មកកាន់យានដ្ឋានជួសជុលរថយន្តមួយកន្លែងស្ថិតក្នុងភូមិត្នោតជ្រុំទី៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ហើយមកអះអាងថា បុរសម្នាក់ដែលបន្លំឯកសណ្ឋាន ជាមន្ត្រីនគរបាលបាន« ឆ បោក» យករថយន្ដ ពីប្ដីរបស់គាត់កាលពីអំឡុងដើមឆ្នាំ២០១៨។
យោងតាមប័ណ្ណសម្គាល់យានយន្ដបញ្ជាក់ថា ឈ្មោះ យាន ណាវី ភេទស្រី អាយុ៣០ ឆ្នាំ មុខរបរ លក់សាប៊ូ សញ្ជាតខ្មែរ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ២៧BEo ផ្លូវ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ជាម្ចាស់កម្មសិទ្ធរថយន្ដម៉ាក MINI COOPER ពណ៌ក្រហម ដែលពាក់ស្លាកលេខភ្នំពេញ2AF-5970 ពិតប្រាកដមែន។
បើតាមពាក្យបណ្ដឹងឲ្យដឹងថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងលើឈ្មោះ សារឿន សំណាង អយុ៤៥ ឆ្នាំជនជាតិខ្មែរ ពុំស្គាល់ទីលំនៅ បានធ្វើសកម្មភាពឆបោករថយន្ដរបស់ជនរងគ្រោះម៉ាក មីនី ស្កុបភី ដែលពាក់ស្លាកលេខភ្នំពេញ2AF -5970 នៅចំណុចផ្ទះលេខ២៧BEo ផ្លូវ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវេលាម៉ោង ១២ ថ្ងៃត្រង់។
តាមសម្ដីរបស់ស្ដ្រីម្ចាស់រថយន្ដបានប្រាប់ឲ្យដឹងថា រថយន្ដដែលត្រូវឈ្មោះ សារឿន សំណាង ឆបោកយកទៅបាននេះព្រោះរថយន្ដខាងលើនេះបានបាត់កូនសោរអស់រយៈពេលជាងមួយខែមកហើយ លុះដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ប្ដីរបស់ខ្លួនបានទូរសព្ទហៅ ជនសង្ស័យខាងលើឲ្យជួយយករថយន្ដទៅធ្វើកូនសោរ ប៉ុន្ដែជនសង្ស័យបានយករថយន្ដនិងលុយ ៤០០ ដុល្លារគេចខ្លួនបាត់រហូតមកដល់សព្វថ្ងៃនេះអស់រយៈពេល១ឆ្នាំកន្លះ។ លុះដល់ល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ គាត់ក៏ប្រទះឃើញរថយន្ដរបស់ខ្លួននៅក្នុងយានដ្ឋានជួសជុលមួយកន្លែងក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ទើបរូបគាត់បានទាក់ទងទៅសមត្ថកិច្ច ចុះមកដល់កន្លែងនោះតែម្ដង។
បន្ទាប់មកម្ចាស់យានដ្ឋានជួសជុលរថយន្ដខាងលើបានទាក់ទងទៅអ្នកដែលរថយន្ដ(ជនសង្ស័យ) យកមកធ្វើ ប៉ុន្ដែដោយ សារ ជនសង្ស័យឃើញប្រជាពលរដ្ឋផ្អើលឆោឡោពេកទើបមិនហ៊ានចូលមកយានដ្ឋាន ខាងលើ ។ ក្រោយមកសមត្ថកិច្ចខណ្ឌមានជ័យបានយករថយន្ដខាងលើចេញពីយានដ្ឋានជួលជុល ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌចំការមន ព្រោះជាម្ចាស់កើតហេតុ ដើម្បីធ្វើកំណត់ហេតុប្រគល់ឲ្យជនរងគ្រោះ និងបើកការស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ ៕