ទស្សនកិច្ច​របស់​ ចូ បៃឌិន​ ពើប​នឹង​ភាព​រអាក់​រអួល និង​ការ​រិះ​គន់​​ក្រោយ​ការ​ផ្ទុះ​​មន្ទីរពេទ្យ​នៅ​ហ្គាហ្សា​សម្លាប់​មនុស្ស​រាប់​រយ​នាក់​

អាមេរិក៖ដំណើរ​ទស្សនកិច្ច​ការ​ទូតទៅ​មជ្ឈិម​បូព៌ា​​របស់​ប្រធានាធិបតី​អាមេរិក​ លោក​ ចូ បៃឌិន​ នៅ​ថ្ងៃ​ទី១៨ ខែតុ​លា​ ឆ្នាំ២០២៣ ពើប​ប្រទះ​នឹង​ភាព​រអាក់​រអួល​ និង​ការ​រិះ​គន់​ខ្លាំង​​​ ដោយ​ជំនួប​ជាមួយ​ថ្នាក់​ដឹក​នាំប្រទេស​​​​អារ៉ាប់​មួយ​ចំនួន​នៅ​ហ្ស៊កដង់​ ត្រូវ​បាន​លុប​ចោល ក្រោយ​ហេតុការណ៍​ផ្ទុះ​មន្ទីរពេទ្យ​​នៅ​តំបន់​ហ្គាហ្សា​ដែលបាន​​​ឆក់​យក​​ជីវិត​ជន​ស៊ីវិលរហូត​ដល់​ ៥០០ នាក់​ កាល​ពី​ថ្ងៃ​អង្គារទី១៧​។

ប៉ុន្ដែ លោក​ បៃដិន នឹង​នៅ​តែ​បន្ត​ដំណើរ​ទស្សនកិច្ច​របស់​លោកទៅ​កាន់​ប្រទេស​អ៊ីស្រាអែល​ ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​នេះ​ ក្នុង​ «ការ​ប្រយុទ្ធ​​ការ​ពារ​ខ្លួន​» ប្រឆាំង​នឹង​​ក្រុម​ហាម៉ាស់​របស់​ប៉ាឡេស្ទីន​ ចំពេល​ដែល​ជម្លោះ​អ៊ីស្រាអែល-ហាម៉ាស់​ កាន់​តែ​​យ៉ាប់​យ៉ឺន​ទៅ​ៗ​​ ហើយ​អាច​នឹង​រីល​រាល​ដាល​ក្នុង​តំបន់​។

គេ​មើល​ឃើញ​ថា​ ទស្សនកិច្ច​របស់​លោក​ បៃឌិន​ នា​ពេលបច្ចុប្បន្ន​​ គឺ​ជា​ដំណើរ​ទស្សនកិច្ច​ដ៏​ប្រថុយ​ប្រថាន​បំផុត​ក្នុង​អាណត្តិ​របស់​លោក​ ​ខណៈ​ប្រធានាធិបតី​រូប​នេះ​ ​​ព្យាយាមច្របាច់​​​​បញ្ចូល​គ្នា​រវាង​​​​ការ​គាំទ្រ​អ៊ីស្រាអែល​ និង​​ការ​ព្យាយាម​​បញ្ចៀស​គ្រោះ​មហន្តរាយ​មនុស្ស​ធម៌​នៅ​ហ្គាហ្សា ​ក៏​ដូច​ជា​​​ការ​កា​រពារ​​ការ​បះបោរ​ក្នុង​តំបន់​។​

តួយ៉ាង​ មុន​​​រ​ដ្ឋ​មន្ត្រី​ការ​បរទេស​ហ្ស៊កដានី​ លោក​ Ayman Safadi ​ប្រកាសកាល​ពី​ថ្ងៃ​អង្គារ​​​ថា​ កិច្ច​ប្រជុំ​កំពូល​​រវាង​លោក​ បៃដិន​ ជាមួយ​ព្រះ​មហាក្សត្រ​ហ្ស៊កដានី​ព្រះ​បាទ​ Abdullah II ​ប្រធានាធិបតី​អេហ្ស៊ីប​ លោក​ Abdel Fattah Sissi ​និង​ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន​ លោក​ Mahmoud Abbas ​នៅ​ប្រទេស​ហ្ស៊កដង់ត្រូវ​បាន​លុប​ចោល ដំណើរ​ទស្សនកិច្ច​ទៅ​មជ្ឈិម​បូព៌ា​នា​ពេល​នេះ​ ដំបូង​ឡើយ​​រំពឹង​ថា ​នឹង​ធ្វើ​ឱ្យ​ទំនាក់​ទំនង​របស់​អាមេរិក​នៅ​​ក្នុង​តំបន់​ មាន​តុល្យភាព​​​។

លោក​ Safadi បន្ត​ថា​ កិច្ច​ប្រជុំអំពី​​ជម្លោះ​អ៊ីស្រាអែល-ហាម៉ាស់នេះ​ ​​​នឹង​ធ្វើ​ឡើង​ «​នៅ​ពេល​​ការ​សម្រេច​ចិត្ត​ដើម្បី​បញ្ឈប់​សង្រ្គាម​ និង​បញ្ចប់​ការ​សម្លាប់​រង្គាល​ទាំង​នេះ​ ត្រូវ​បាន​សម្រេច​ឡើង​ដែរ​»។ ​

ទស្សនកិច្ច​របស់​លោក​ បៃឌិន​ ទៅ​អ៊ីស្រាអែល​​ ​បាន​​រង​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​​ ជា​ពិសេស​ពី​សំណាក់​អ្នក​គាំទ្រ​ប៉ាឡេស្ទីន​។ អ្នក​រិះ​គន់​ថ្កោល​ទោស​ថា​ ការ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​​អ៊ីស្រាអែលរបស់​អាមេរិកបែប​នេះ​​​ គឺ​ជា​ការ​បើក​ភ្លើង​ខៀវ​ឱ្យ​អ៊ីស្រាអែល​ បន្ត​ប្រព្រឹត្ត​ការ​សម្លាប់រង្គាល​​​ប្រជាជន​ស៊ីវិលប៉ាឡេស្ទីន​​ ក៏​ដូច​ជាការ​​បិទ​ខ្ទប់​តំបន់​ហ្គាហ្សាទាំង​មូល​​ ដែល​បង្កជា​​​ការ​ព្រមាន​ពី​អង្គការ​សហប្រជាជាតិ​ពី​​​ «មហន្តរាយ​មនុស្ស​ធម៌​ដ៏​ធ្ងន់​ធ្ងរ​ជា​ទី​បំផុត​» ​ដោយ​សា​រ​តែ​​កាត់​ផ្ដាច់​ទឹក ភ្លើង​​ ថ្នាំ​ពេទ្យ​ ប្រេង​ឥន្ធនៈ​ និង​សម្ភារៈ​ផ្គត់​ផ្គង់​ចាំ​បាច់​ផ្សេង​ទៀត​របស់​អ៊ីស្រាអែល​​។

អ្នក​រិះ​គន់​​​បន្ត​​ផង​ដែរ​ថា​ វា​ជា​ការ​បិទ​ភ្នែក​ធ្វើ​មើល​មិន​ឃើញ​នូវ​ទុក្ខ​សោក​របស់​ប្រជាជន​ប៉ាឡេស្ទីន​ ក៏​ដូច​ជា​​​ការ​លាក់​ពុត​របស់​សហរដ្ឋ​អាមេរិក​ ដែល​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​អំពី​សិទ្ធិ​មនុស្ស​។

ទន្ទឹម​នឹង​ការ​រិះ​គន់​ទាំង​នេះ​ លោក​ បៃឌិន​ និយាយ​ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ ចេញ​ផ្សាយ​ក្រោយ​ការ​ផ្ទុះ​នៅ​​មន្ទីរពេទ្យ​ហ្គាហ្សា​ថា ​​៖ «​ខ្ញុំ​មាន​ការ​ខឹង​សម្បារ​ និង​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្ទុះ​នៅ​មន្ទី​រ​ពេ​ទ្យ​ Al Ahli Arab ​ក្នុង​ទីក្រុង​ហ្គាហ្សា​ ​​និង​ការ​បាត់​បង់​ជីវិត​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​​ក្នុង​ហេតុការណ៍​នេះ​»។

លោក​បន្ថែម​ថា​៖ «​សហ​រដ្ឋ​អាមេរិក​ ឈរ​យ៉ាង​ច្បាស់​លាស់​សម្រាប់​ការ​ការពារ​ជីវិត​ជន​ស៊ីវិល​ក្នុង​អំឡុង​ពេល​មាន​ជម្លោះ​ ហើយ​យើង​កាន់​ទុក្ខ​អ្នក​ជំងឺ​ បុគ្គលិក​ពេទ្យ​ និង​ជន​ស្លូត​ត្រង់​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​សម្លាប់​ ឬ​រង​របួស​នៅ​ក្នុង​សោក​នាដកម្ម​នេះ»។

​​​​លោក​ បៃឌិន​ ​បាន​ឱ្យ​ដឹង​​ថា​ លោក​​​​បាន​និយាយ​ជា​មួយស្ដេច​ហ្ស៊កដានី​​​ព្រះ​អង្គ​ Abdullah ​ផង​ដែរ​ ហើយ​បាន​បញ្ជា​ឱ្យ​ក្រុម​សន្តិសុខជាតិ​របស់​​អាមេរិក​បន្ត​ការ​ប្រមូល​ព័ត៌មាន ជុំ​វិញ​បញ្ហា​​។​ ជា​មួយ​គ្នា​នោះ​ លោក​ បៃឌិន​ បាន​សន្ទនា​ជាមួយ​​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ លោក​ បេនចាមីន ណេតានយ៉ាហូ(Benjamin Netanyahu)នៅ​ពេល​កំពុង​ធ្វើ​ដំ​ណើរ​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល​តាម​​ជើង​​យន្តហោះ ​Air Force One ក្រោយ​លោក​ទទួល​បាន​ដំណឹង​ពី​អ្វី​ដែល​កើត​ឡើង​នៅ​មន្ទីរពេទ្យ​ Al-Ahli Baptist។ ​​នេះ​បើ​តាម​សេតវិមាន​។

​ការ​បន្ត​ដំណើរ​ទស្សនកិច្ច​​របស់​ប្រធានាធិបតី​អាមេរិក​​ ​​នា​​ថ្ងៃ​ទី១៨ ខែតុលានេះ​​ ក៏​កើត​ឡើងផង​ដែរ​ ​ចំពេល​ដែ​លទូទាំងបណ្ដា​ប្រទេស​​​​ពិភព​អារ៉ាប់​ថ្កោល​ទោស​អ៊ីស្រាអែល​ ជុំ​វិញ​ហេតុការណ៍​​​ផ្ទុះ​នៅ​មន្ទីពេទ្យ​ ​Al-Ahli Baptist ដដែល​ ដែល​ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីន​​របស់​ក្រុម​ហាម៉ាស់​​ អះ​អាង​ថា​​បាន​សម្លាប់​មនុស្ស​ ៥​០០ នាក់​។ ​  

គួរ​​បញ្ជាក់​ថា​ ​ជុំ​វិញ​​ហេតុការណ៍​​នៅ​មន្ទីរពេទ្យ​ ​Al-Ahli Baptist ប្រទេស​អ៊ីស្រាអែល​បាន​រង​ការ​ចោទ​ប្រកា​ន់ពី​បណ្ដា​ប្រទេស​អារ៉ាប់ ក៏​ដូច​ជា​ក្រុម​ហាម៉ាស់​ថា​ ធ្វើ​ការ​វាយ​ប្រហារតាម​អាកាស​ ដើម្បី​ «​សម្លាប់​រង្គាល» ​លើ​ប្រជាជន​ប៉ាឡេស្ទីន​ក្នុង​មន្ទីរពេទ្យ​​ ដែល​​​​ជនស៊ីវិល​​រង​គ្រោះ​​សម្រាក​ព្យាបាល​ ឬ​អ្នក​មួយ​ចំនួន​រត់​ទៅ​ជ្រក​កោន​ដោយ​សារ​តែ​សង្រ្គាម​បច្ចុប្បន្ន​។​​

ប៉ុន្តែ​កង​ទ័ព​អ៊ីស្រាអែលបដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ ដោយ​អះ​អាង​ពី​ព័ត៌មាន​ចារកម្ម​របស់​ខ្លួន​ថា​ ហេតុការណ៍​កាល​​ពី​ថ្ងៃ​អង្គារ​ គឺ​ជាល​ទ្ធផល​នៃ​ការបាញ់​មីស៊ីល​​ភ្លាត់​របស់​ក្រុម​​​សកម្មប្រយុទ្ធ​ជីហាដ​ នៅ​ហ្គាហ្សា​ខ្លួន​ឯង​ផ្ទាល់​។ ការ​អះ​អាង​របស់​កង​ទ័ព​អ៊ីស្រាអែល​ ត្រូវ​បានលោក​ Daoud Shehab អ្នក​នាំ​ពាក្យ​​ក្រុមជីហាដ ដែល​ជា​ក្រុម​សកម្មប្រយុទ្ធ​មួយ​ផ្សេង​ទៀត​របស់​ប៉ាឡេស្ទីន​​ ច្រាន​ចោល​ថា​ជា​ការ​កុហក និង​បំប៉ោង​ព័ត៌មាន​បោក​ប្រាស់​ ដើម្បី​​បិទ​បាំង​ «ឧក្រិដ្ឋ​កម្ម​ និងការ​សម្លាប់​រង្គាល​» ដែល​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​​។ ​

ហេតុការណ៍​នៅ​មន្ទី​ពេទ្យ​ Al-Ahli Baptist ដដែល​ បាន​បង្ក​ជា​​​បាតុកម្ម​នៅ​តាម​ទីក្រុង​​នានា​ក្នុង​បណ្ដា​ប្រ​ទេស​មជ្ឈិម​បូព៌ាមួយ​ចំនួន​​ រួម​មាន​ទាំង​តួកគី លីបង់​ អ៊ីរ៉ង់​ និង​​លីប៊ី​​ជា​ដើម​។

មុន​ហេតុការណ៍​នេះ​ ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីន​ បាន​អះ​អាង​ថា​ ការ​វាយ​ប្រហារ​​តាម​អាកាស​ រួម​មាន​ទាំង​គ្រាប់​ផ្លោង​​ និង​ការ​ទម្លាក់​គ្រាប់​បែក​ឥត​ឈប់​ឈរ​របស់​អ៊ីស្រាអែល​នៅ​ហ្គាហ្សា​បាន​សម្លាប់​មនុស្ស​ជាង​ ៣ ០០០ នាក់​រួច​ទៅ​ហើយ​ ដែល​ភាគ​ច្រើន​ជា​ជន​ស៊ីវិល​។ នៅ​ភាគ​ខាង​ជើង​ហ្គាហ្សា​ឯនោះ​វិញ​ ​​ ​អ៊ីស្រាអែល​បាន​បើក​ការ​​​​វាយ​ឆ្មក់​តាម​អាកាស​​​ដាច់​ដោយ​ឡែក​ពី​គ្នាកាល​ពី​ថ្ងៃ​អង្គារ​ដដែល​​ ​​លើ​ភូមិ​ចំនួន​ពីរ​​​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ចំនួន​មួយ​​​ ដោយ​សម្លាប់​មនុស្ស​ជិត​ ៤០ នាក់​។ នេះ​បើ​តាម​​មន្រ្តី​ប៉ាឡេស្ទីន​។

កន្លង​មក​ អ៊ី​ស្រាអែល​បាន​ទទូច​​​​ថា​ សកម្មភាព​យោធា​របស់​ខ្លួន​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​ និង​បោសសម្អាត​ក្រុ​ម​ហាម៉ាស់​ ដោយ​​​ការ​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​របស់​ក្រុម​នេះ​លើ​​អ៊ីស្រាអែល​ ដែល​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​ ៧ ខែតុលា​ ហើយ​សម្លាប់​មនុស្ស​ជាង​ ១ ៤០០ នាក់​ គិត​មក​ទល់​​ឥឡូវ ដែល​ភាគ​ច្រើន​ជា​ជន​ស៊ីវិល​ដូច​គ្នា​​​។

អ្នក​ជំនាញ​និយាយ​ថា​ ការ​ផ្ទុះ​នៅ​មន្ទីរ​ពេទ្យ​  Al-Ahli Baptist មិន​ថា​​អ្នក​ណា​ជា​អ្នក​ប្រព្រឹត្ត​នោះ​ទេ​ នឹង​ធ្វើ​ឱ្យ​ជម្លោះ​អ៊ីស្រាអែល​-ហាម៉ាស់​កាន់​តែ​ស្មុគ​ស្មាញ​ និង​តាន​តឹង​ទៅ​ៗ​ចំពេល​ដែល​មាន​ការ​ព្រមាន​ថា​ ជម្លោះ​​នេះ​អាច​នឹង​រីល​រាល​ដាល​ទៅ​តំបន់​ក្បែរ​ខាង ​ក្រោម​ការ​វាយ​ប្រហារ​ពី​​ក្រុម​សកម្ម​ប្រយុទ្ធ​លីបង់​ ហេសប៊ូឡាហ៍​ និង​អ៊ីរ៉ង់​ ដែល​ជា​សត្រូវ​លេខ​​១​របស់​អ៊ីស្រាអែល​ និង​ជា​អ្នក​គាំទ្រ​ក្រុម​ហាម៉ាស់​៕

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ Biden’s Middle East trip upended by Gaza hospital strike  https://www.channelnewsasia.com/world/us-joe-biden-middle-east-trip-israel-gaza-hospital-strike-hamas-conflict-visit-3854091

Biden ‘Outraged’ Over Gaza Blast as He Makes a Wartime Visit to Israel https://www.nytimes.com/2023/10/17/us/politics/biden-israel-trip.html

Jordan cancels Biden summit with King Abdullah, Sissi, Abbas after hospital blast https://www.timesofisrael.com/liveblog-october-17-2023/ What we know so far about the deadly Israeli strike on a Gaza hospital https://www.aljazeera.com/news/2023/10/18/what-do-we-know-about-the-strike-on-the-hospital-in-gaza

ads banner