បណ្ឌិត្យសភានគរបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េ ចុះអនុស្សរណៈជាលើកទី២លើការបណ្តុះបណ្តាលមន្រ្តីនគរបាល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖បណ្ឌិត្យសភានគរបាលកម្ពុជា និងបណ្ឌិត្យសភានគរបាលកណ្តាលនៃសាធារណរដ្ឋកូរ៉េ បាន​ចុះហត្ថលេខា​លើអនុស្សរណ:នៃការយោគយល់គ្នាជាលើកទី២ ដើម្បីលើកកម្ពស់កាលានុវត្តភាពផ្នែកសិក្សាធិការ វប្បធម៌ និងកាលានុវត្តភាពផ្សេងៗទៀត ក្នុងការងារអប់រំ និងបណ្តុះបណ្តាលមន្រ្តីនគរបាលជ្រើសរើសថ្មី ដែ​លជាការរួមចំណែកក្នុងការធានាបន្ថែមទៀត នូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ពិធីចុះអនុស្សរណៈនេះ ត្រូវបានធ្វើ​ឡើង​រវាង​ឯកឧត្តម ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងលោក អ៊ី ជែយ៉ុង ប្រធានបណ្ឌិត្យសភានគរបាលកណ្តាលនៃសាធារណេរដ្ឋកូរ៉េ​ កាលពីថ្ងៃទី​១៧ ខែតុលា ​។

ប្រភពហ្វេសប៊ុក​បណ្ឌិត្យសភានគរបាលកម្ពុជាបានឱ្យដឹងថា ការចុះអនុស្សរណៈ​នេះ មានគោលបំ​ណង​ដើម្បីលើកកម្ពស់កាលានុវត្តភាពផ្នែកសិក្សាធិការ វប្បធម៌ និងកាលានុវត្តភាពផ្សេងៗទៀត ក្នុងកា​រងារ​អប់រំ និងបណ្តុះបណ្តាលមន្រ្តីនគរបាលជ្រើសរើសថ្មី ការងារស្រាវជ្រាវ និង​ការបណ្តុះបណ្តាលរួមគ្នា តាមរ​យៈការផ្លាស់ប្តូរនិស្សិត សាស្រ្តាចារ្យ និងថ្នាក់ដឹកនាំនៃភាគីទាំងពីរ ដែលជាការរួមចំណែកក្នុងការធានាប​ន្ថែ​មទៀត នូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ប្រភពដដែលបញ្ជាក់ថា ៖ «ភាគីទាំងពីរបានប្ដេជ្ញាអនុវត្តខ្លឹមសារអនុស្សរណៈថ្មីនេះប្រកបដោយប្រសិទ្ធភា​ព ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិទ្វេភាគីដ៏ល្អបន្ថែមទៀតរវាងបណ្ឌិត្យសភានគរ​បាលទាំងពីរ​សម្រាប់ថ្ងៃអនាគត​»។

អនុស្សរណ:នៃការយោគយល់គ្នាជាលើកទី២នេះ​ ​ធ្វើឡើងរវាងស្ថាប័ន និងស្ថាប័ន ជាលក្ខណៈអន្តរជាតិ ស្តីពី «កិច្ចសហប្រត្តិបត្តិការនិងការផ្លាស់ប្តូរគ្នាទៅវិញទៅមក រវាងបណ្ឌិត្យសភានគរបាលកណ្តាលកូរ៉េ និងបណ្ឌិត្យសភានគរបាលកម្ពុជា»។

ក្នុងដំណើរទស្សនកិច្ចនេះដែរ លោក ឯក មនោសែន បានទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូកូរ៉េ​ ព្រមទាំងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងគ្រូនគរបាលនៃបណ្ឌិត្យស​ភានគរបាលកណ្តាលកូរ៉េ ដែលបានគាំទ្រ និងធ្វើកិច្ចសហការល្អជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ស្រ​បតាមខ្លឹមសារអនុស្សរណៈ​យោគយល់គ្នាដែលបានកំណត់។

លោកបានរំលេចថា ៖ «កន្លងមក តាមរយៈការបណ្តុះបណ្តាលរបស់ភាគីកូរ៉េ គ្រូនគរបាលកម្ពុជាបានទទួ​ល​នូវអត្ថប្រយោជន៍យ៉ាងច្រើន ដោយបានទទួល​នូវចំណេះដឹង និងជំនាញខាងផ្នែកក្បាច់គុន ព្រមទាំងបង្កើ​តបានជាសៀវភៅគោលលើមុខវិជ្ជាបច្ចេកទេសចាប់ខ្លួនជនល្មើស ដើម្បីជាមូលដ្ឋាននៃការបង្ហាត់បង្រៀ​ន​ដល់កងកម្លាំងនគរបាលកម្ពុជាគ្រប់ជំនាន់»។

ជាការឆ្លើយតប​​ លោក អ៊ី ជែយ៉ុង បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការទទួលបដិសណ្ឋារកិច្ចរបស់​បណ្ឌិត្យសភានគរបាលកម្ពុជា ដែលជាសក្ខីភាពនៃការរិតចំណងមិត្តភាព និងការធ្វើកិច្ចសហប្រតិ​បត្តិការអន្តរជាតិរវាងបណ្ឌិត្យសភានគរបាលទាំង២ យ៉ាងរឹងមាំនិងយូរអង្វែង។

ជាមួយគ្នានេះដែរ ប្រធានគណៈប្រតិភូ បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពរបស់បណ្ឌិត្យសភាលើគ្រប់ផ្នែ​កនាពេលបច្ចុប្បន្ននេះ ដើម្បីគាំទ្រដល់ការបណ្ដុះបណ្ដាលកងកម្លាំងនគរបាល ប្រកបដោយគុណភាពនិ​ងសមត្ថភាពវិជ្ជាជីវៈពិតប្រាកដ។

​អំឡុងពេលធ្វើដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូកូរ៉េ ក៏បានធ្វើទស្សនកិច្ចក្នុងបរិវេណបណ្ឌិត្យសភានគរបាល កន្លែងហ្វឹកហាត់ក្បាច់គុន ទីលានបាញ់គ្រាប់ពិត ទីលានឆ្លងកាត់ឧបសគ្គ និងកន្លែងហ្វឹកហាត់ផ្សេងៗទៀតផងដែរ​៕

ដោយ៖សុខ រក្សា

ads banner