Amazon នឹងពង្រីកការចែកចាយយន្តហោះដ្រូនទៅកាន់អង់គ្លេស និងអ៊ីតាលី នៅចុងឆ្នាំក្រោយ
វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Amazon នៅថ្ងៃពុធទី១៨ ខែតុលា ឆ្នាំ២០២៣ បានសង្ឃឹមថា នឹងពង្រីកការចែកចាយយន្តហោះដ្រូនទៅកាន់ចក្រភពអង់គ្លេស និងអ៊ីតាលី នៅចុងឆ្នាំក្រោយនេះ ខណៈដែលក្រុមហ៊ុននេះបានបង្ហាញមនុស្សយន្តថ្មី ដែលអាចជួយការងារក្នុងឃ្លាំងទំនិញ និងបច្ចេកវិទ្យាដែលផ្តល់ភាពងាយស្រួលដល់មនុស្សផ្សេងៗទៀត។
ក្រុមហ៊ុនលក់ទំនិញតាមអនឡាញយក្ស ដែលមានមូលដ្ឋាននៅទីក្រុង Seattle នេះ បានបញ្ជាក់ថា ខ្លួននឹងពង្រីកការចែកចាយយន្តហោះដ្រូន ឆ្លើយតបនឹងការបញ្ជាមួយចំនួន ទៅកាន់រដ្ឋទីបីរបស់សហរដ្ឋអាមេរិក ក៏ដូចជាទៅកាន់ប្រទេសអឺរ៉ុបចំនួនពីរ គឺអង់គ្លេស និងអ៊ីតាលីនៅចុងឆ្នាំ២០២៤។
អនុប្រធានក្រុមហ៊ុន Amazon Prime Air លោក David Carbon បាននិយាយនៅក្នុងព្រឹត្តិការណ៍ទីផ្សារមួយថា យន្តហោះដ្រូនដឹកជញ្ជូនរបស់ Amazon បានដំណើរការរួចហើយនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា និងតិចសាស់ ហើយយន្តហោះដ្រូនម៉ូដែល MK30 ថ្មី នឹងអាចដំណើរការកាន់តែប្រសើរជាងឧបករណ៍ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន។
បន្ថែមលើនេះ ក្រុមហ៊ុន Amazon ក៏បានដំឡើងប្រព័ន្ធមនុស្សយន្តថ្មីមួយដែលមានឈ្មោះថា Sequoia នៅក្នុងមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញក្នុងរដ្ឋតិចសាស់របស់ខ្លួនផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុន Amazon បានប្រើប្រាស់មនុស្សយន្តចំនួនប្រមាណ ៧៥០,០០០រួចហើយនៅក្នុងឃ្លាំងទំនិញរបស់ខ្លួន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


