គ.ជ.ប ប្រកាសបិទបញ្ចប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣
ភ្នំពេញ៖ ដំណើរការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ដែលមានរយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី១-១៩ ខែតុលា ឆ្នាំ២០២៣ បានបិទបញ្ចប់ហើយ ដោយបានប្រព្រឹត្តទៅដោយរលូន បើទោះបីមានបញ្ហាអាកាសធាតុ ដោយតំបន់ខ្លះមានភ្លៀងធ្លាក់ខ្លាំងជំនន់ ប៉ុន្តែមិនមែនជាឧបសគ្គធ្វើឱ្យរាំងស្ទះដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនោះឡើយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។ ឯកឧត្ដម ហ៊ែល សារ៉ាត់ មានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធថ្ងៃនេះ ដើម្បីធ្វើបច្ចុប្បន្នភាព និងជូនព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត តាមឃុំ សង្កាត់ ឆ្នាំ២០២៣ ដែលបានចាប់ផ្តើមអនុវត្តពីថ្ងៃទី១ រហូតមកដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ កន្លងមកនេះ បើទោះបីមានបញ្ហាអាកាសធាតុ ដោយតំបន់ខ្លះមានភ្លៀងធ្លាក់ខ្លាំងជំនន់ហើយ ភូមិសាស្ត្រមួយចំនួនក្នុងឃុំ សង្កាត់ស្ថិតនៅឆ្ងាយដាច់ពីគ្នា និងមានភាពខ្វះខាតតិចតួចបានកើតឡើងក្នុងការអនុវត្តភារកិច្ចរបស់ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ប៉ុន្តែមិនមែនជាឧបសគ្គធ្វើឱ្យរាំងស្ទះដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនោះឡើយ។

ឯកឧត្ដម បានបន្តថា គ.ជ.ប មានគោលដៅច្បាស់លាស់ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិ និងមានលក្ខខណ្ឌ គ្រប់គ្រាន់តាមច្បាប់កំណត់ បានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ក្នុងស្មារតីនេះ ឃើញថា មានការិយាល័យចុះឈ្មោះមួយចំនួនបានបង្កើនពេលវេលាចុះឈ្មោះនៅម៉ោងដែលខ្លួន (ក.ច.ប) ត្រូវទទួលទានអាហារថ្ងៃត្រង់ ហើយនៅក្នុងពិធីឆ្លងបុណ្យភ្ជុំបិណ្ឌថ្មីៗកន្លងមកនេះ ការិយាល័យចុះឈ្មោះបោះឆ្នោតនៅបើកដំណើរការ ដើម្បីរង់ចាំផ្តល់សេវាចុះឈ្មោះបោះឆ្នោតជូន បងប្អូនប្រជាពលរដ្ឋជាធម្មតា លើកលែងតែថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ដែលក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបិទការិយាល័យ ដើម្បីប្រជុំត្រួតពិនិត្យការងារជាមួយក្រុមចុះឈ្មោះបោះឆ្នោត។ ចំពោះតំបន់ដែលស្ថិតនៅឆ្ងាយ និងមានភូមិសាស្រ្តស្មុគស្មាញ ឱ្យតែមានប្រជាពលរដ្ឋគ្រប់អាយុ និងគ្រប់លក្ខខណ្ឌត្រូវចុះឈ្មោះបោះឆ្នោត គឺក្រុមចុះឈ្មោះបានព្យាយាមបង្ខិតទីតាំងការិយាល័យចុះឈ្មោះ ទៅដល់ក្បែរពួកគាត់តែម្តង ដើម្បីពួកគាត់ងាយស្រួលក្នុងការមកចុះឈ្មោះ។

នៅក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតរយៈពេល១៩ថ្ងៃ ឯកឧត្តម ហ៊ែល សារ៉ាត់ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ និងបានថ្លែងអំណរគុណ ព្រមទាំងកោតសរសើរចំពោះការផ្តល់កិច្ចសហការរបស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសការបំពេញតួនាទី និងភារកិច្ចដោយយកចិត្តទុកដាក់ និងប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្របតាមការធ្វើប្រតិភូកម្មអំណាចពី គ.ជ.ប និងការកំណត់នៃច្បាប់ និងក្រុមចុះឈ្មោះបោះឆ្នោតដែលជាប្រតិបត្តិករអនុវត្តផ្ទាល់នីតិវិធី ចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ទូទាំងប្រទេស។ ឯកឧត្តមបានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសប្រជាពលរដ្ឋអ្នកចុះឈ្មោះបោះឆ្នោត ដែលញ៉ាំងឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បញ្ចប់ទៅដោយរលូន និងដោយជោគជ័យ។
អំពីលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឯកឧត្ដម ហ៊ែល សារ៉ាត់ មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មានដូចខាងក្រោម៖
-អ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ២២៦.០៨៧នាក់ (ស្រ្តីចំនួន ១០៨.០៥៣នាក់)
-អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ១១៧.៩៩៥នាក់
-អ្នកស្នើសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោតមានចំនួន ១៨.០៥០នាក់
-អ្នកផ្ទេរចូលក្នុងឃុំ សង្កាត់ថ្មីមានចំនួន ៤៥.៤០៩នាក់។
នេះជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ ហើយតួលេខនេះនឹងត្រូវកើនឡើងបន្ថែមទៀត នៅពេលបូកបញ្ចូលតួលេខ ដែលក្រុមចុះឈ្មោះបោះឆ្នោតបានចុះបន្ថែមទៀតនៅក្នុងថ្ងៃទី១៩ ខែតុលា ដែលជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោត។

អំពីការបញ្ជូនលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឯកឧត្ដម ហ៊ែល សារ៉ាត់ មានប្រសាសន៍ថា បន្ទាប់ពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ត្រូវបានបញ្ចប់ ហើយបណ្តឹងពាក់ព័ន្ធនឹងការបដិសេធការសុំចុះឈ្មោះ បោះឆ្នោត ត្រូវបានដោះស្រាយរួចរាល់ (ក្នុងករណីមានបណ្តឹង) ឬប្រសិនបើពុំមានបណ្តឹង ក្រុមចុះឈ្មោះបោះឆ្នោត ត្រូវចាត់ចែងបំពេញនូវរបាយការណ៍ស្តីពីលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមការិយាល័យបោះឆ្នោតនៃឃុំ សង្កាត់នីមួយៗ។
ឯកឧត្តម បន្តថា នីតិវិធីលម្អិតនៃដំណើរការរៀបចំ វេចខ្ចប់ និងការបញ្ជូនលទ្ធផលបណ្តោះអាសន្ន ព្រមទាំងសម្ភារឯកសារដែលបានប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត ពីថ្នាក់ឃុំ សង្កាត់ រហូតមកដល់ គ.ជ.ប មានចែងនៅក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងសរសេរដោយពន្យល់បន្ថែម នៅក្នុងសៀវភៅណែនាំ។ បណ្តឹងទាក់ទងនឹងការចុះឈ្មោះ បោះឆ្នោត រហូតមកទល់ពេលថ្ងៃនេះ គ.ជ.ប ពុំទទួលបានពាក្យបណ្ដឹងណាមួយឡើយ។
អំពីការរៀបចំបញ្ជីបោះឆ្នោតដំបូង ឯកឧត្ដម ហ៊ែល សារ៉ាត់ មានប្រសាសន៍ថា បន្ទាប់ពីបានត្រួតពិនិត្យ និងសម្រេចលើទិន្នន័យអ្នកបោះឆ្នោតដោយ គ.ជ.ប និងបន្ទាប់ពីបញ្ចប់ការ ដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងការស្នើសុំចុះឈ្មោះបោះឆ្នោត (ប្រសិនបើមាន) គ.ជ.ប ត្រូវចាត់ចែង រៀបចំបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត តាមឃុំ សង្កាត់នីមួយៗ ដើម្បីធ្វើការបិទផ្សាយជាសាធារណៈនៅតាមសាលាឃុំ សង្កាត់ ឬ/និងនៅ ទីសាធារណៈណាមួយក្នុងឃុំ សង្កាត់ និងបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប៕
ដោយ៖ពលជ័យ
រូបភាព៖ គ.ជ.ប


