សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធមន្ទីរពេទ្យជាតិតេជោសន្តិភាព នៅថ្ងៃទី២៤ តុលា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។
សូមជម្រាបថា «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ដែលស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញមានចំនួន១១អគារ ដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧ ៤៨០ ម៉ែត្រការ៉េ អគារព្យាបាលកម្រិតធ្ងន់ (H1និង H2) មានគ្រែសរុបចំនួន ៥២៧គ្រែ អគារព្យាបាលកម្រិតស្រាល (H3,H4,H5,H6 និងH7) មានគ្រែសរុប ៨ ៩៦៩គ្រែ គ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន ៤៦គ្រែនិងគ្រែបុគ្គលិកស្នាក់នៅចំនួន ២០៦គ្រែ អគារបច្ចេកទេស (T1) អគារបច្ចេកទេស (T2) អគារផ្គត់ផ្គង់និងព័ត៌មាន (A) មានទំហំ ២ ៨៣៥ម៉ែត្រការ៉េ អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧ ០២៦ ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានចំនួន ២១០គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤ ៤៩០ម៉ែត្រការ៉េ។ មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះសាងសង់ឡើងដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២៕
ដោយ៖ពលជ័យ


