គ.ជ.ប កំណត់កាលបរិច្ឆេទ និងចំនួនអាសនៈ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ និងចំនួនអាសនៈ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ មានចំនួន ៦២អាសនៈ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គ.ជ.ប នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។

គ.ជ.ប បានឱ្យដឹងថា អនុលោមតាមមាត្រា៩ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងសេចក្ដីសម្រេចលេខ ៥៤ ស.ស.រ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា គណៈកម្មាធិការជាតិរៀបចំការ-បោះឆ្នោត (គ.ជ.ប) បានជូនដំណឹងជាសាធារណៈដល់ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ អ្នកបោះឆ្នោត និងអង្គបោះឆ្នោត ដែលជាតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងនៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗជ្រាបថា កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

គ.ជ.ប បានបញ្ជាក់ថា សមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ មានចំនួន ៦២ (ហុកសិបពីរ) រូប ក្នុងនោះ៖
សមាជិកព្រឹទ្ធសភា ចំនួន ២ (ពីរ) រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ។ សមាជិកព្រឹទ្ធសភា ចំនួន ២ (ពីរ) រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។ សមាជិកព្រឹទ្ធសភា ចំនួន ៥៨ (ហាសិបប្រាំបី) រូបទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលមិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។ ចំពោះមណ្ឌលបោះឆ្នោតត្រូវរៀបចំ និងបែងចែកជា ៨ (ប្រាំបី) ភូមិភាគ ហើយអាសនៈត្រូវបែងចែកតាមភូមិភាគ ដូចខាងក្រោម៖
•ភូមិភាគទី១ រាជធានីភ្នំពេញ មាន៦ (ប្រាំមួយ) អាសនៈ
•ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន៨ (ប្រាំបី) អាសនៈ
•ភូមិភាគទី៣ ខេត្តកណ្ដាល មាន ៥ (ប្រាំ) អាសនៈ
•ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន១០ (ដប់) អាសនៈ
•ភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន៧ (ប្រាំពីរ) អាសនៈ
•ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧(ប្រាំពីរ) អាសនៈ
•ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន៩(ប្រាំបួន) អាសនៈ
•ភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន៦ (ប្រាំមួយ) អាសនៈ៕

ads banner