ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ គូសបញ្ជាក់ ពីជំហរ ក្នុងការបន្តគាំទ្រ និងសហការ​លើ​គម្រោង អភិវឌ្ឍ ក្នុង វិស័យមុខងារសាធារណៈ

ភ្នំពេញៈ ឯកឧត្តម ផាក ជុង វូ (Park Jung Wook )ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានគូសបញ្ជាក់ពីជំហរក្នុងការបន្តគាំទ្រ និងសហការ​លើ​គម្រោងអភិវឌ្ឍក្នុងវិស័យមុខងារសាធារណៈ ។ចំណែកឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញនូវការស្វាគមន៍ ចំពោះកិច្ចសហការនានា ដែលចូលរួមជា​ចំណែក និងបម្រើជាប្រយោជន៍ក្នុងការអនុវត្តនូវបេសកកម្មរបស់ក្រសួង ក៏ដូចជាឆ្ពោះទៅរកការសម្រេចនូវចក្ខុវិស័យរបស់រាជ​រដ្ឋាភិបាល​អាណត្តិទី៧ លើកិច្ចការកំណែទម្រង់រដ្ឋបាល សាធារណៈនៅកម្ពុជា។

ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ​២០២៣ នៅទីស្តីការក្រសួងមុខងារ​សាធារណៈ។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ គូសបញ្ជាក់ ពីជំហរ ក្នុងការបន្តគាំទ្រ និងសហការលើគម្រោង អភិវឌ្ឍ ក្នុង វិស័យមុខងារសាធារណៈ

ក្នុងជំនួបនេះថា្នក់ដឹកនាំទាំងពីរបានបង្ហាញការសាទរចំពោះទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូង ដោយ​ប្រទេសទាំងពីរបានរក្សាទំនាក់ទំនងយ៉ាងល្អ តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាបន្តបន្ទាប់ ក៏ដូចជាការសហការ​គាំទ្រ​ក្នុងនាមជាដៃគូរអភិវឌ្ឍជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងលើគម្រោងអភិវឌ្ឍន៍តាមវិស័យផ្សេងៗក្នុងនោះ​ក៏មានវិស័យមុខងារសាធារណៈផងដែរ។

នាឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងរម្លឹកពីកិច្ចសហប្រតិបត្តិការកន្លងជាមួយភាគីកូរ៉េខាងត្បូង ជាពិសេសការចុះអនុស្សរណៈ​នៃការយោគយល់គ្នារវាងក្រសួងមុខងារសាធារណៈ ជាមួយក្រសួងគ្រប់គ្រងបុគ្គលិកនៃសាធារណរដ្ឋកូរ៉េ ស្តីពី «ការគ្រប់គ្រងធនធានមនុស្ស​ក្នុង​វិស័យមុខងារសាធារណៈ» កាលពីឆ្នាំ២០២១ , កិច្ចសហការអនុវត្តគម្រោងអភិវឌ្ឍសមត្ថភាពមន្ត្រីសាលាភូមិន្ទរដ្ឋបាល និងក្រសួង​មុខងារសាធារណៈ រយៈពេលបីឆ្នាំ (២០១៩-២០២១) រវាងសាលាភូមិន្ទរដ្ឋបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) , កិច្ចសហប្រតិបត្តិការរវាងក្រសួង និងវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) ព្រមទាំង ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យ​មុខងារ​សាធារណៈ (ACCSM និង ACCSM+3)៕ដោយ៖ពលជ័យ

ads banner