សម្តេចធិបតី និងថ្នាក់ដឹកនាំមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ​របស់អារ៉ាប៊ីសាអូឌីត គាំទ្រគម្រោងនៃការផ្តល់​ហិរញ្ញប្បទានដល់កម្ពុជា សម្រាប់​​​អភិវឌ្ឍវិស័យកសិកម្ម និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បាន​អនុញ្ញាតឱ្យឯកឧត្តម Sultan Abdulrahman Al-Marshad នាយកប្រតិបត្តិនៃមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ (Saudi Fund for Development – SFD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សា​សហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមនាយកប្រតិបត្តិមូលនិធិ បានសម្តែងនូវការអបអរសាទជូនចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូល​កាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបានជម្រាប​ជូន សម្តេចធិបតី​នាយករដ្ឋមន្ត្រី អំពីបំណងក្នុងការផ្តល់ហិរញ្ញប្បទានដល់ប្រទេសកម្ពុជា ខណៈដែលមូលនិធិនេះ តែងបានចូលរួមគាំទ្រដល់ការជំរុញ​ឱ្យ​មានកំណើនប្រកបដោយ​ចីរភាពរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍនានា ជាពិសេស នៅក្នុងវិស័យមួយចំនួន ដូចជា វិស័យអប់រំ និងកីទ្បា, សុខាភិបាល, និងគមនាគមន៍ ជាដើម ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំ​មូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ និងបានថ្លែងអំណរ​គុណចំពោះបំណងក្នុងការភ្ជាប់ទំនាក់ទំនង និងការផ្តល់ហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ។ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានលើក​ឡើង​ផងដែរ អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធនឹងវិស័យ​វិនិយោគ, ទេសចរណ៍ និងថាមពលកកើតឡើងវិញ ជាពិសេស វិស័យកសិកម្ម ។

ជារួមសម្តេចធិបតី និង ឯកឧត្តមនាយកប្រតិបត្តិមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍបានគាំទ្រចំពោះ គម្រោងនៃការផ្តល់ហិរញ្ញប្បទានដល់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេសសម្រាប់បម្រើឱ្យការអភិវឌ្ឍវិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដោយ សម្តេចធិបតី បានអញ្ជើញថ្នាក់ដឹកនាំមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីបន្តពិភាក្សាអំពីកិច្ចការនេះ ជាមួយនឹងបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ៕ដោយ៖ពលជ័យ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បាន​អនុញ្ញាតឱ្យឯកឧត្តម Sultan Abdulrahman Al-Marshad នាយកប្រតិបត្តិនៃមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ (Saudi Fund for Development – SFD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ads banner