រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកអគ្គរដ្ឋទូតឆែក ចែករំលែកព័ត៌មានអំពីស្ថានភាពវិស័យមុខងារសាធារណៈ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានផ្លាស់ប្តូរមតិយោបល់ បទពិសោធ និងចែករំលែកព័ត៌មានអំពីស្ថានភាពវិស័យមុខងារសាធារណៈក្នុងប្រទេសរៀងៗខ្លួន ដើម្បីជាមូលដ្ឋានសម្រាប់ការបន្តពិភាក្សា និងពិនិត្យលទ្ធភាពគិតគូរលើកិច្ចសហប្រតិបត្តិការណាមួយក្នុងវិស័យមុខងារសាធារណៈនៅកម្ពុជា។ ជំនួបពិភាក្សានេះ បានធ្វើឡើងនៅទីស្តីការក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានយកឱកាសនេះរៀបរាប់ពីសាវតារនៃកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈពីមួយដំណាក់កាលទៅដំណាក់កាល និងគូសបញ្ជាក់ជូនឯកឧត្តមឯកអគ្គរដ្ឋទូត នូវបេសកកម្មចម្បងរបស់ក្រសួងមុខងារសាធារណៈក្នុងអាណត្តិទី៧ ជាពិសេសក្នុងការអនុវត្ត និងការសម្រេចនូវចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី លើកិច្ចការងារកំណែទម្រង់រដ្ឋបាលសាធារណៈផងដែរ។ ក្រៅពីនោះ កិច្ចពិភាក្សា ក៏បានផ្តោតបន្ថែមលើការស្វែងយល់ពីប្រធានបទ និងឱកាសផ្សេងៗ ក្នុងទិសដៅឈានឆ្ពោះទៅរកការពង្រីក និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងស្ថានទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងមុខងារសាធារណៈ



