សហរដ្ឋអាម៉េរិក បង្ហាញការគាំទ្រកូរ៉េខាងត្បូង និងជប៉ុន ដែលចោទថាយន្តហោះយោធា របស់រុស្ស៊ី និងចិន បានរំលោភលើដែនអាកាសរបស់ប្រទេសទាំងពីរ

រុស្ស៊ី៖ មន្ទីរបញ្ចកោណនៅថ្ងៃអង្គារនេះ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងរបស់សហរដ្ឋអាម៉េរិក ចំពោះប្រទេសកូរ៉េខាងត្បូង និងជប៉ុន ដែលបានចោទប្រកាន់ថា យន្តហោះយោធារុស្ស៊ី និងចិន បានរំលោភលើដែនអាកាសរបស់ប្រទេសទាំងពីរ។ ប៉ុន្តែនៅថ្ងៃដដែលនេះ ក្រសួងការពារជាតិរុស្ស៊ី និងចិនបានអះអាងថា យន្តហោះយោធាចំនួនពីរគ្រឿងរបស់កងទ័ពអាកាសរុស្ស៊ី បានអនុវត្តន៍ការហោះហើរទៅតាមការគ្រោងទុកក្នុងលំហរអាកាសដែនទឹកអព្យាក្រឹតនៃសមុទ្រជប៉ុន គឺមិនបានរំលោភដែនអាកាសរបស់កូរ៉េខាងត្បូង ដូចដែលបានចោទប្រកាន់នោះឡើយ។

បើតាមយោធាកូរ៉េខាងត្បូង យន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ីពីរគ្រឿង និងរបស់ចិនពីរគ្រឿង បានហោះរំលោភចូលដែនអាកាស ខាឌីស របស់ខ្លួននៅតំបន់សមុទ្រខាងកើត ហើយក្រោយមកយន្តហោះយោធារុស្ស៊ីមួយគ្រឿងទៀតធុន A-50 ក៏បានឆ្លងចូលដែនអាកាសរបស់កូរ៉េខាងត្បូងដល់ទៅពីរដងទៀត ដែលជាហេតុបង្ខំឲ្យទ័ពអាកាសកូរ៉េខាងត្បូង ចល័តយន្តហោះចម្បាំងរបស់ខ្លួនជាបន្ទាន់ និងបាញ់ព្រមានលើយន្តហោះរុស្ស៊ីថែមទៀត។

ដោយជប៉ុន ក៏បានចេញមុខតវ៉ាប្រឆាំងសកម្មភាព របស់យន្តហោះចម្បាំងកូរ៉េខាងត្បូង និងយន្តហោះយោធារុស្ស៊ីផងដែរ ដោយសារតែវាកើតឡើងលើកោះ ដុកដូ កំពុងគ្រប់គ្រងដោយកូរ៉េខាងត្បូង និងជប៉ុន ហៅថា តាគេស៊ីម៉ា ព្រមទាំងអះអាងកម្មសិទ្ធិលើកោះនេះដែរ។ រីឯចិនវិញ បាននិយាយថា ដែនអាកាស ខាឌីស មិនមែនជាដែនអាកាសផ្តាច់មុខរបស់កូរ៉េខាងត្បូង ដែលទីក្រុងសេអ៊ូល មានសិទ្ធិហួងហែងឡើយ គឺវាប្រៀបដូចជាដែនអាកាសអន្តរជាតិនោះទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner