អង្គការពាណិជ្ជកម្មពិភពលោក ចាប់ផ្តើមពិចារណាលើការរឹតបន្តឹងពាណិជ្ជកម្មរបស់ជប៉ុន លើកូរ៉េខាងត្បូង
បរទេស៖ អង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា (WTO) បានបើកកិច្ចប្រជុំក្រុមប្រឹក្សារបស់ខ្លួនមានរយៈពេល២ថ្ងៃនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃអង្គារសប្តាហ៍នេះ ដោយផ្តោតសំខាន់លើការពិចារណាស្តីពីការរឹតបន្តឹងពាណិជ្ជកម្មរបស់ជប៉ុនលើកូរ៉េខាងត្បូង។
គណៈប្រតិភូកូរ៉េខាងត្បូង ដឹកនាំដោយអនុរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោក គីម សឹង ហូ បាននិយាយថា លោកនឹងលើកយកបញ្ហានៃការរឹតបន្តឹងរបស់ជប៉ុន ចំពោះការនាំចេញទៅកាន់កូរ៉េខាងត្បូង នូវវត្ថុធាតុដើមដែលខ្លួនចាត់ទុកថា ជាការរំលោភលើច្បាប់អន្តរជាតិ ហើយលោករំពឹងថា ជប៉ុននឹងឆ្លើយតប។
គួរបញ្ជាក់ផងដែរថា ភាពតានតឹងផ្នែកនយោបាយ និងសេដ្ឋកិច្ចរវាងកូរ៉េខាងត្បូង និងជប៉ុន បានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីជប៉ុនបានរឹតបន្តឹងការនាំចេញទៅកាន់កូរ៉េខាងត្បូង នូវវត្ថុធាតុដើមសំខាន់ៗមួយចំនួន ដែលក្រុមហ៊ុនបច្ចេកវិជ្ជាកូរ៉េខាងត្បូងត្រូវការជាចាំបាច់ ក្នុងការផលិតឧបករណ៍អេឡិចត្រូនិក៕ធ.ដ