លទ្ធផលដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ប្រាក់ សុខុន សមាជិក គណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈទាក់ទងបរទេស នៅសាធារណរដ្ឋ សង្គមនិយមវៀតណាម
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ឡេ ហាយជុង សមាជិក គណៈលេខាធិការមជ្ឈិមបក្ស និង ជាប្រធានគណៈទាក់ទងបរទេស មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម ប្រាក់ សុខុន សមាជិក គណៈ អចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈទាក់ទងបរទេស បាន ដឹកនាំគណៈប្រតិភូ ទៅ បំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាបានឱ្យដឹងថា ក្នុងឱកាសបំពេញទស្សនកិច្ចការងារនេះ គណៈប្រតិភូបាន ចូល ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន ភូជុង អគ្គលេខា ធិការ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ព្រមទាំង ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ ហាយជុង ប្រធានគណៈទាក់ ទងបរទេស។ គណៈប្រតិភូក៏បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំបក្ស នៃរដ្ឋធានីហាណូយ ក្រុងហៃហ្វុង និងខេត្តក្វាងនិញផងដែរ។
ក្នុងជំនួបជាមួយមេដឹកនាំបក្ស និងរដ្ឋាភិបាលវៀតណាម ឯកឧត្តម ប្រាក់ សុខុន បានពាំនាំនូវការ សាកសួរសុខទុក្ខរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងបានសម្តែងនូវ ការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អ ប្រសើររវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ដែលបានរីកចម្រើនលូតលាស់ កាន់តែរឹងមាំ លើគ្រប់វិស័យ និង គ្រប់កម្រិត បើទោះបីជាមានបញ្ហា ប្រឈមជាច្រើនដែលកើត មាន ឡើងនៅក្នុងតំបន់ និងពិភពលោកយ៉ាងណាក្តី។ ព្រមជាមួយនោះ ឯកឧត្តម បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាលវៀត ណាម ដែលបានអបអរសាទរចំពោះជ័យជម្នះ របស់គណបក្សប្រជា ជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មី និងការគាំទ្រចំពោះមេដឹកនាំបន្តវេន ដែលសបញ្ជាក់ឱ្យឃើញអំពីការជឿទុកចិត្ត និង ការប្តេជ្ញារបស់ គណបក្ស និងរដ្ឋាភិបាលវៀតណាម ក្នុងការបន្តធ្វើការជាមួយថ្នាក់ ដឹកនាំជំនាន់ថ្មីរបស់ កម្ពុជា។
ឯកឧត្តម ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរ ទស្សនកិច្ច និងការប្រាស្រ័យ ទាក់ទងគ្នាជាញឹកញាប់ រវាងថ្នាក់ ដឹកនាំគណបក្ស និងរដ្ឋនៃប្រទេសទាំងពីរ បានឆ្លុះបញ្ចាំងយ៉ាង ច្បាស់នូវស្មារតី នៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង និង បានអបអរសាទរ ចំពោះគណបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលសម្រេច បានសមិទ្ធផលដ៏ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទំនាក់ទំនងការទូត ដែលធ្វើឱ្យប្រទេសវៀតណាម មាន តួនាទីកាន់តែសំខាន់នៅក្នុងឆាកអន្តរជាតិ។
ជាមួយគ្នានោះដែរ ឯកឧត្តម ប្រាក់ សុខុន បានកោតសរសើរចំពោះ ទស្សនទាន និងគតិបណ្ឌិត របស់ឯកឧត្តម ង្វៀន ភូជុង អគ្គលេខា ធិការបក្សចំពោះនយោបាយការទូតបែបដើមឬស្សីរបស់វៀតណាម ដែលប្រកបដោយភាពបត់បែន រស់រវើក ថ្លឹងថ្លែង និងឈ្លាសវៃបំផុត តែរឹងមាំ។
ថ្នាក់ដឹកនាំវៀតណាម បានកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗ ជាច្រើន ដែលកម្ពុជាសម្រេច បានក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និងការរួមចំណែកដ៏សំខាន់ក្នុងកិច្ចការតំបន់ និងអន្តរជាតិ។
ក្នុងជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឡេ ហាយជុង សមភាគីទាំងពីរ បានជូនព័ត៌មានគ្នាទៅវិញ ទៅមកអំពីសភាពការណ៍ លេចធ្លោ របស់គណបក្ស និងប្រទេសនីមួយៗ ពិនិត្យឡើងវិញនូវការជឿនលឿន នៃកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ ជាពិសេសការអនុវត្ត សេចក្តីសន្និដ្ឋានរួម ៨ចំណុច នៃកិច្ចប្រជុំ កំពូលរបស់គណបក្សទាំងពីរ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ព្រមទាំងបានផ្លាស់ប្តូរយោបល់អំពី សភាពការណ៍ តំបន់ និងអន្តរជាតិ។ ភាគីទាំងពីរក៏បានពិភាក្សានិងឯកភាពគ្នាអំពីទិសដៅកិច្ចសហប្រតិបត្តិការរបស់ គណបក្សទាំងពីរ ក្នុងស្មារតី «ពង្រឹងទំនាក់ទំនងជាអ្នក ជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង» និងការជឿជាក់ទុកចិត្តគ្នាទៅវិញទៅមកកាន់ តែខ្លាំងឡើង។
ស្ថិតក្នុងស្ថានភាពតំបន់ និងពិភពលោក ដែលកំពុងមានការប្រែ ប្រួល យ៉ាង ស្មុគ្រស្មាញ ភាគី ទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ច សហការ លើវិស័យការពារជាតិ និងសន្តិសុខ ដែលជាវិស័យសសរស្ដម្ភ និង គាំទ្រគ្នាទៅវិញទៅមកដើម្បីធានាស្ថិរភាព សណ្តាប់ធ្នាប់ និងសន្តិសុខ នៅប្រទេសនីមួយៗ និងឯកភាព គ្នាមិនអនុញ្ញាតឱ្យកម្លាំងណាមួយប្រើ ទឹកដីប្រទេសខ្លួនដើម្បីប្រឆាំងនឹងប្រទេសណាមួយឡើយ។ ភាគី ទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៃទំនាក់ទំនង បណ្តា គណៈកម្មាធិការគណបក្ស ក្រសួង ស្ថាប័ន បណ្តាគណបក្សខេត្ត ជាប់ព្រំដែន អង្គការរណសិរ្ស អង្គការមហាជន និងយុវជន ដែលត្រូវ បាន រក្សាពង្រឹងនិងពង្រីកជាលំដាប់។
ភាគីទាំងពីរបន្តបញ្ជាក់អំពីទំនាក់ទំនងជាប្រពៃណី មិត្តភាពយ៉ាង ជិតស្និទ្ធ ការជួយគ្នាទៅវិញ ទៅមក រវាងកម្ពុជា-វៀតណាម ក៏ដូចជារវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដែលជា កត្តាដ៏សំខាន់ បំផុតមួយសម្រាប់ជោគជ័យ ក្នុងបុព្វហេតុតស៊ូ ដើម្បីរំដោះជាតិ និងប្រជាជន ការពារឯករាជ្យ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិនីមួយៗ។
ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានតាំងចិត្តបន្តគាំទ្រ គ្នានៅក្នុងអង្គការ អន្តរជាតិ និងវេទិកាពហុភាគីនានា ដើម្បីចូលរួមដោះ ស្រាយកិច្ចការតំបន់ និងពិភពលោក សំដៅធានា បាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុង ក្របខ័ណ្ឌតំបន់ ត្រីកោណអភិវឌ្ឍន៍ និងតំបន់ទន្លេមេគង្គ។
ក្រៅពីទស្សនកិច្ចនៅរដ្ឋធានីហាណូយ គណៈប្រតិភូ បានទៅទស្សនកិច្ច នៅក្រុងហៃហ្វូង និង ខេត្តក្វាងនិញ ដើម្បីសិក្សាស្វែងយល់ពីហេដ្ឋា រចនាសម្ព័ន្ធទំនើប និងឧស្សាហកម្មខ្នាតធំ ដូចជា៖ កំពង់ផ ទំនិញ កំពង់ផែទេសចរណ៍ រោងចក្រផលិតរថយន្តអគ្គីសនី និងព្រលានយន្តហោះ ជាដើម៕
ដោយ៖វណ្ណលុក

