អាល្លឺម៉ង់ សន្យាផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៦៣ លានអឺរ៉ូ ក្នុងការលើកកម្ពស់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖​រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៦៣ លានអឺរ៉ូ ស្មើនឹងប្រមាណ ៦៦ លានដុល្លារ សម្រាប់ឆ្នាំ២០២៣-២០២៤ ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ខណៈភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើវិស័យមួយចំនួនផងដែរ។

ការផ្តល់ហិរញ្ញប្បទាននេះ ធ្វើឡើងអំឡុងពេលតំណាងជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងតំណាងរដ្ឋាភិបាលអាល្លឺម៉ង់ បានបើកកិច្ចចរចា ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កាលពី ថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងបោន នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាស្តីពីលទ្ធផលនោះ។

ប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈប្រតិភូកម្ពុជា អមដោយលោកឯកអគ្គរាជទូតនៃប្រទេសកម្ពុជាប្រចាំនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងមានការចូលរួមពីតំណាងជាន់ខ្ពស់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ចំនួន ១០ រួមមាន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, និងធនាគារ ជាតិនៃកម្ពុជា ។

ចំណែកប្រតិភូអាល្លឺម៉ង់ដឹកនាំដោយ លោក Andreas Pfeil ប្រធានផ្នែកអាស៊ីបូព៌ា និង អាស៊ីអាគ្នេយ៍នៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BNZ) និងមានការចូលរួមពី លោកស្រី Bürbel Kofler សមាជិកសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។

គោលដៅចម្បងនៃកិច្ចចរចានេះគឺ ទី១ ពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ,ទី២ ពិភាក្សាលើ វិស័យអាទិភាពនានានៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី ទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ និង ទី៣ តម្រង់ទិសកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នាពេលអនាគត ។ លទ្ធផលនៃកិច្ចចរចានេះ ភាគីអាល្លឺម៉ង់បានវាយតម្លៃខ្ពស់ និងចាត់ទុកប្រទេសកម្ពុជាជាដៃគូសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រទេសអាល្លឺម៉ង់ ។

ប្រភពដដែលបន្តថា ភាគីទាំងពីរបានឯកភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើវិស័យអាទិភាព ចំនួន ៣ រួមមាន ទី១ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ទី២ សុខាភិបាល និងគាំពារសង្គម និង ទី៣ថាមពល និងអាកាសធាតុ និងវិស័យផ្សេងៗទៀតដែលមាន សង្គតិភាពជាមួយនឹងអាទិភាពនៃកិច្ចអភិវឌ្ឍន៍ជាតិ ដូចមានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងរបៀបវារៈឆ្នាំ២០៣០របស់ប្រទេសអាល្លឺម៉ង់។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា៖«ភាគីអាល្លឺម៉ង់បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៦៣ លានអឺរ៉ូ ទាំងកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស សមមូលនឹងប្រមាណ ៦៦ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៣-២០២៤ ដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការ លើកកម្ពស់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា» ៕

ដោយ៖ វណ្ណ សុជាតា

ads banner