អភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រី ចុះពិនិត្យស្ថានភាពទឹកជំនន់ នៅតាម បណ្ដោយសន្តរស្ទឹងព្រែកត្នោត
(ភ្នំពេញ)៖ ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកជំនន់ នៅតាមបណ្ដោយសន្តរស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត គិតត្រឹមព្រឹកថ្ងៃទី២១ តុលានេះ មានសភាពហ្នឹងងនរ ហើយកន្លែងខ្លះក៏បានស្រកចុះខ្លះៗហើយដែរ ប៉ុន្តែទោះជាយ៉ាងណា ឯកឧត្តម អំពាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ។
ឯកឧត្តម ឃួង ស្រេង បន្តថា ស្ថានភាពជំនន់ទឹកភ្លៀងនៅព្រៃកត្នោត គិតមកដល់ពេលនេះ មានសភាពនៅទ្រឹង ទោះជាយ៉ាងក្តី ឯកឧត្តម សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទទួលរងការលិចលង់នេះមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសក្មេងតូចៗ ។
ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ដែរថា មានសង្កាត់ចំនួន១០ នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោបានទទួលរងការលិចលង់ ប៉ះពាល់ប្រជាពលរដ្ឋ ២០៧៥គ្រួសារ ។ ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ រដ្ឋបាលរាជធានីភ្នំពេញនឹងនាំយកអំណោយរបស់កាកបាទក្រហមលម្ពុជា និង អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជាមកចែកជូន នៅពេលខាងមុខនេះ ។
ឯកឧត្តមអភិបាល ក៏បានបញ្ជាក់ផងដែរថា ដោយសារទឹកហូរកាត់លើផ្លូវលេខ២១A រដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទរថយន្តធំៗមិនឱ្យធ្វើបរាចរណ៍ លើកំណាត់ផ្លូវមួយនេះជាបណ្ដោះអាសន្ន សូមមេត្តាយោគយល់ និងអធ្យាស្រ័យ ។
គួរបញ្ជាក់ផងដែរថា សង្កាត់ទាំង ១០របស់ខណ្ឌដង្កោដែលបានទទួលរងការលិចលង់នេះ រួមមានសង្កាត់ គងនយ សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ព្រៃស សង្កាត់ដង្កោ សង្កាត់ក្រាំងពង្រ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឺស សង្កាត់ស្ពានថ្មនិងសង្កាត់រលួស ៕
ដោយ ហេង សម្បត្តិ+ថេត វិចិត្រ








