សិស្សប៊ែលធី ភាសាអង់គ្លេស ទូទៅ កម្រិត​១២ (Level 12)  ជំនាន់ទី៦៤​ ដល់ ៦៨ចំនួន ១,០២២នាក់ ទទួលសញ្ញាបត្រ ភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA)

ភ្នំពេញ៖ ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់​សញ្ញាបត្រភាសាអង់គ្លេសប៊ែលធី ជូនដល់សិស្សថ្នាក់ភាសាអង់គ្លេសទូទៅ កម្រិត១២ (Level 12) ជំនាន់ទី៦៤ ដល់ទី៦៨ ដែលបានប្រឡងជាប់សញ្ញាបត្រ ភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) ចំនួន ១,០២២នាក់ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​​បណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ ដែលបាន ប្រព្រឹត្តទៅនៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទី២​ (ស្ពានអាកាសចោមចៅ)។

លោក ចាន់ ទីតា ប្រធានការិយាល័យភាសាអង់គ្លេសទូទៅបានឱ្យដឹងថា៖​ បច្ចុប្បន្ននេះ សាលា ប៊ែលធី ​អន្តរជាតិ មាន ២៨សាខា​​ (២៦សាខា កំពុងដំណើរការ និង២សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៤៤៦នាក់ (នារី១,០០៨នាក់) និងមានសិស្សកំពុង​សិក្សា​ចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់) ព្រមទាំងមានកម្មវិធីសិក្សាធំៗ ៥ និង​បានបញ្ជូល​កម្មវិធីសិក្សា​​បន្ថែមចំនួន១២ លើកម្មវិធីដែលមានស្រាប់ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសា​អង់គ្លេសទូទៅ។

គិតត្រឹមឆ្នាំ២០២៣នេះ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ភាសាអង់គ្លេសទូទៅ កម្រិត​១២ (Level 12) ដែលបាន ប្រឡងបញ្ចប់សញ្ញាបត្រភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) ចំនួន ១៣,២៧១នាក់។ ក្នុងនោះ សិស្ស ដែលប្រឡងបានពិន្ទុអាយអែល (IELTS)5.0 ឡើងទៅ ចំនួន ៩,២៩០នាក់ ស្មើនឹង ៧០% ដែលនឹងទទួលបានសញ្ញាបត្រ ចំនួនពីរគឺ៖១-ចេញដោយសាលា ប៊ែលធី អន្តរជាតិ និងចេញដោយក្រុមប្រឹក្សាភាសាអង់គ្លេស នៃចក្រភពអង់គ្លេស​ (BRITISH COUNCIL) ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវេបសាយរបស់ប៊ែលធី ដើម្បី ទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។​

តំណាងសិស្សឆ្នើម ៤រូប ដែលទទួលបានពិន្ទុអាយអែល (IELTS) ខ្ពស់ ​៨.0 និង ៧.៥ បានចែករំលែកបទ ពិសោធន៍ជោគជ័យដែលមានកត្តារួមផ្សំសំខាន់ៗ៤គឺ ១-កត្តាខ្លួនឯង៖ ត្រូវខិតខំសិក្សារៀនសូត្រ និងមានគោលដៅ, ២-កត្តា គ្រួសារ៖ មាតាបិតាផ្តល់ឱកាសសិក្សា និងជំរុញលើកទឹកចិត្តបុត្រធីតា, ៣-កត្តាសាលា៖ មានកម្មវិធីសិក្សាល្អៗ កម្មវិធីសិក្សា បន្ថែមទាំង១២ គ្រូមានសមត្ថភាព បទពិសោធន៍ និងគរុកោសល្យ ព្រមទាំងមាន BELTEI App ជាជំនួយស្មារតីក្នុងការ សិក្សា និង ៤-កត្តាសង្គម៖ ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា និងមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការដែលធ្វើឱ្យសិស្សមានឱកាសបានរៀនសូត្រខ្ជាប់ខ្ជួនទៅតាម កម្មវិធីសិក្សារបស់ក្រសួង និងសាលាបានដាក់ចុះ។

ឯកឧត្តមបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំយកចិត្ត ទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រ និង​ស្តាប់គ្រូពន្យល់ ក៏ដូចជាគោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យក្នុងការប្រឡងបញ្ចប់វគ្គ និងទទួលបានសញ្ញាបត្រ ភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) នាពេលនេះ។ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗ ទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់លើការរៀនសូត្របន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនក្នុងការ​ចាប់យកអាជីពទៅថ្ងៃអនាគត និងប្រកួតប្រជែងដណ្តើមទីផ្សារការងារ ជាមួយបណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់អាស៊ាន និងពិភពលោកជា ពិសេសដើរ ឱ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យា សម័យបដិវត្តឧស្សាហកម្ម៤.០។​

សិស្សប៊ែលធី ភាសាអង់គ្លេសទូទៅ កម្រិត​១២ (Level 12)  ជំនាន់ទី៦៤​ ដល់ ៦៨
ចំនួន ១,០២២នាក់ ទទួលសញ្ញាបត្រភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA)ឯកឧត្តមបណ្ឌិត និង លោកជំទាវ បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្ស ជ័យលាភីទាំង ១,០២២នាក់

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner