អឺរ៉ុបគំរាមយកពន្ធជាង៣៩ពាន់លានដុល្លារវិញ បើសិនសហរដ្ឋអាម៉េរិកយកពន្ធ២៥ភាគរយ លើរថយន្តនាំចូលពីអឺរ៉ុប
អឺរ៉ុប៖ ឧត្តមស្នងការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប លោកស្រី សេស៊ីលីយ៉ា ម៉ាល់ស្ត្រម បានថ្លែងថា ប្រសិនបើសហរដ្ឋអាម៉េរិក យកពន្ធ២៥ភាគរយលើរថយន្តអឺរ៉ុបនោះ អឺរ៉ុបនឹងដំឡើងពន្ធលើទំនិញសហរដ្ឋអាម៉េរិកវិញ ដែលគិតជាទំហំទឹកប្រាក់៣៥ពាន់លានអឺរ៉ូ ឬស្មើនឹង៣៩,១ពាន់លានដុល្លារ ប៉ុន្តែលោកស្រីជឿជាក់ថា វានឹងមិនឈានដល់ដំណាក់កាលនោះឡើយ។
ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីខែឧសភាកន្លងទៅថា ការនាំចូលរថយន្ត និងគ្រឿងបន្លាស់មួយចំនួនបានគំរាមគំហែងដល់សន្តិសុខជាតិអាម៉េរិក ប៉ុន្តែលោក ត្រាំ បានពន្យារពេល៦ខែ ក្នុងការសម្រេចចិត្តដំឡើងពន្ធ ដើម្បីទុកពេលវេលាធ្វើកិច្ចចរចាជាមួយសហភាពអឺរ៉ុប និងជប៉ុន ខណៈការពន្យារពេលនោះ នឹងអស់សុពលភាពនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា ចាប់តាំងពីឡើងកាន់អំណាចមក រដ្ឋបាលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានដើរលើគោលនយោបាយដែលលោកផ្ទាល់គិតថា ជាច្រើនឆ្នាំកន្លងទៅនេះ គឺសហរដ្ឋអាម៉េរិក បានចាញ់ប្រៀបក្នុងការធ្វើពាណិជ្ជកម្មជាមួយដៃគូធំៗរបស់ខ្លួនដូចជា ចិន ជប៉ុន និងសហភាពអឺរ៉ុប ដូច្នេះលោកត្រូវតែស្តាឱនភាពសេដ្ឋកិច្ចអាម៉េរិកឡើងវិញ តាមរយៈការបង្កសង្រ្គាមដំឡើងពន្ធ៕ធ.ដ