សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងនូវការព្រួយបារម្ភ និងសោកស្តាយចំពោះការកើនឡើង​នៃជម្លោះ និងអំពើហិង្សានៅក្នុងតំបន់មជ្ឈិមបូព៌ា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវការព្រួយបារម្ភ និងសោកស្តាយចំពោះការកើនឡើងនៃ ជម្លោះ និងអំពើហិង្សានៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលបណ្ដាលឱ្យជនស្លូតត្រង់ជាច្រើនបាត់បង់ជីវិត ក្នុងនោះក៏មានប្រជាពលរដ្ឋខ្មែរមួយរូប ដែលជានិស្សិតសិក្សានៅអ៊ីស្រាអែលផងដែរ។ ការសម្តែងនូវការព្រួយបារម្ភរបស់ប្រមុខដឹកនាំកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ជីស៊ីស៊ី) នៅរាជធានីរីយ៉ាដ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ។នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ដែលប្រកាសដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២១ ខែតុលាឆ្នាំ២០២៣ ។

សេចក្តីប្រកាសបានរំលេចថា សម្ដេចធិបតី បានបង្ហាញពីជំនឿយ៉ាងមុតមាំថា ប្រទេសសមាជិក នៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ មានតួនាទីសមស្របបំផុត ក្នុងការជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាការអត់ធ្មត់ខ្ពស់បំផុត និងចាប់ផ្ដើមកិច្ចសន្ទនា ក្នុងការឈានទៅ​រក​កិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការស្វែង​រកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង ។

សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការធានាដល់ការបញ្ជូនជំនួយមនុស្សធម៌ឱ្យបានពេញលេញ និងទាន់ពេលវេលា ទៅដល់​ប្រជាជននៅតំបន់ហ្គាហ្សា និងការធានាសុវត្ថិភាព និងការដោះលែងចំណាប់ខ្មាំងទាំងអស់ឱ្យបានឆាប់បំផុត ស្របតាមច្បាប់មនុស្ស​ធម៌​អន្តរជាតិ។

ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននិងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ជីស៊ីស៊ី) បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីការវិវឌ្ឍថ្មីៗ និងបញ្ជាក់​អំពីសារៈសំខាន់ នៃការរក្សានូវមជ្ឈភាពអាស៊ាន ក្នុងដំណើរវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃនិម្មាបនកម្មតំបន់ និងកិច្ចសហការលើគំនិតផ្ដួចផ្ដើម​ទាំងឡាយ ដើម្បីគាំទ្រនិងរួមចំណែកដល់សមាហរណកម្មអាស៊ាន និងដំណើរ​ការនៃការកសាងសហគមន៍អាស៊ាន។ លើសពីនេះទៅទៀត ថ្នាក់ដឹកនាំអាស៊ាន និងជីស៊ីស៊ី បានឯកភាពគា្នលើការរៀបចំកិច្ចប្រជុំកំពូលរវាងតំបន់ទាំងពីររៀងរាល់ ២ ឆ្នាំម្ដង និងទន្ទឹងរង់ចាំកា​ររៀបចំ​កិច្ចប្រជុំកំពូលបន្ទាប់នៅប្រទេសម៉ាឡេស៊ី នៅឆ្នាំ២០២៥៕ ដោយ៖ពលជ័យ

ads banner