ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៖ ថ្ងៃទី២៥ ខែតុលា គណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន ២៧ នឹងធ្វើពិធីចុះ “កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាព”
ភ្នំពេញ៖គណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន ២៧ នឹងធ្វើពិធីចុះ “កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅវិមាន ៧ មករា នាថ្ងៃទី២៥ ខែតុលា ខាងមុខនេះ ។
មេដឹកនាំគណបក្សនយោបាយដែលចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជាបានថ្លែងប្រាប់ AMS នៅយប់ថ្ងៃទី២១ ខែតុលានេះថា នៅថ្ងៃទី២៥ ខែតុលាខាងមុខនេះ គណបក្សនយោបាយចំនួន ២៧ នឹងចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។
ចំណែកឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា ពិតជាមានពិធីចុះ “កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅវិមាន ៧ មករា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

សូមជម្រាបថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ គណបក្សនយោបាយជាច្រើនបានធ្វើលិខិតគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។ ការស្នើសុំចងសម្ព័ន្ធភាពនេះដោយសារតគណបក្សនយោបាយទាំងនោះបានមើលឃើញពីការដឹកនាំរតបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបាននាំឲ្យកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ហើយចង់បំបាត់វប្បធម៌លាបពណ៌ឱ្យគ្នាដែលធ្វើឱ្យប្រទូស្តរាយដល់ប្រទេសជាតិ។ ហេតុដូចនេះ បានជាគណបក្សនយោបាយទាំងនោះសម្រេចចិត្តចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែមើលឃើញគោលដៅវែងឆ្ងាយ និងក្នុងឱកាសដែលពិភពលោកកំពុងតែជ្រួលច្របល់។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមសារជាសំឡេងកាលពីសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣នេះថា គណបក្សប្រជាជន កម្ពុជាពេញចិត្តជាមួយនឹងការចងសម្ព័ន្ធភាពលើមូលដ្ឋាននៃការគោរពឯករាជ្យភាពនៃគណបក្សរៀងៗខ្លួន។ គណបក្សប្រជាជន កម្ពុជា មិនព្យាយាមដើម្បីត្រួតត្រាទៅលើគណបក្សនយោបាយដទៃទេ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ពេញចិត្តនឹងធ្វើការជាមួយ គណបក្សផ្សេងទៀតដោយគោរពនូវឯករាជ្យរបស់គណបក្សទាំងអស់ហើយចាត់ទុកគណបក្សទាំងអស់ជាដៃគូរស្មើភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា។
គណបក្សនយោបាយជាច្រើនដែលបានស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា មានដូចជាគណបក្សខ្មែររួបរួមជាតិ គណបក្សពន្លឺថ្មី គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរក្រោក គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សរស្មីខេមរា គណបក្សធម្មាធិបតេយ្យ គណបក្សនគរប្រជាធិបតេយ្យ គណបក្សមហាសាមគ្គីជាតិខ្មែរ គណបក្សអំណាចប្រជាពលរដ្ឋ គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ គណបក្សចលនាប្រជាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សខ្មែរអង្គរ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សខ្មែរតែមួយ គណបក្សខ្មែរអភិរក្ស គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សយុវជនកម្ពុជា គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សមហានគរ គណបក្សអភិវឌ្ឍកម្ពុជា…៕
ដោយ៖ពលជ័យ
