លោកស្រី ពោធិតី សាវត្ថី៖ សម្តេចព្រះនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គសំខាន់នាំឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១
ភ្នំពេញ៖ លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺបានដោយសារព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាភាគីនៅខាងអ្នកតស៊ូនៅព្រំដែន និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងភាគីលោកតា សឺន សាន។ ប៉ុន្តែការដឹកនាំរបស់ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (អេស អិន ស៊ី) គឺប្រធាន ព្រះបរមរតនកោដ្ឋ ព្រះបិតាជាតិខ្មែរ ជាអ្នកដឹកនាំ ដើម្បីឲ្យមានកិច្ចព្រមព្រៀងប៉ារីស គឺមានស្នាដៃមួយនៅខាងក្រៅប្រទេស និងសម្តេចតេជោ ហ៊ុន សែន ដឹកនាំនៅក្នុងប្រទេស។ តំណាងអ្នកនៅក្រៅស្រុក និងអ្នកនៅក្រៅស្រុក គឺមានតែសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលជាតួអង្គសំខាន់ឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១។
លោកស្រី ពោធិតី សាវត្ថី បានបញ្ជាក់ថា ដោយមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ បានមានច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ កើតមានឡើង។ ដោយមានកិច្ចព្រមព្រៀងហ្នឹងហើយ បានមានការបោះឆ្នោតដោយសេរី ពហុបក្ស។ កិច្ចព្រមព្រៀងប៉ារីសបានបញ្ចូលក្នុងច្បាប់រដ្ឋធម្មនុញ្ញរួចស្រេចហើយ។

ទាក់ទងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានលោកស្រី ពោធិតី សាវត្ថី លើកឡើងថា “ស្ថានភាពនយោបាយប្រែប្រួល ធម្មតាពេលខ្លះនយោបាយរបស់យើង និងពិភពលោក គឺត្រូវមើលព្រៃទាំងមូល កុំមើលតែមួយជ្រុង ដូច្នេះការអនុវត្តត្រូវធ្វើមួយជំហានទៅមួយជំហាន មិនអាចធ្វើអ្វីលឿនដូចចិត្តចង់បានទេ។ ដើម្បីរក្សាស្ថេរភាពនយោបាយ សន្តិភាព នៃព្រះរាជាណាចក្រកម្ពុជា គឺយើងជាអ្នកនយោបាយត្រូវគិតវែងឆ្ងាយ។ ពេលខ្លះបើសិនជាយើងយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្រូតធ្វើ ពេកវាអាចជួបគ្រោះហមន្តរាយដល់ប្រទេសជាតិ ហើយក៏យើងមិនត្រូវយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីបង្កើតកលយុគសម្រាប់ប្រទេសយើងដែរ”។
ប្រធានគណបក្សធម្មធិបតេយ្យ បានបន្តថា ទាក់ទងការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន និងគណបក្សនយោបាយខ្លះ គឺជាសិទ្ធិសេរីភាពរបស់ពួកគេ ហើយបើសិនជាមានចិត្តដូចគ្នា គឺមិនមានជម្លោះនយោបាយ និងអត់មានសង្គ្រាមកើតឡើងទេ។ សម្រាប់លោកស្រី មិនបានយកចិត្តទុកដាក់ជាមួយអ្នកប្រឆាំងដែលមិនបានគិតពីផលប្រយោជន៍ជាតិនោះទេ។
សូមជម្រាបថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ គឺជាខួបលើកទី៣២ (២៣ តុលា ១៩៩១-២៣ តុលា២០២៣) នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕
ដោយ៖ពលជ័យ