CNCC ចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល២០១៩
គណៈកម្មការបាល់ទាត់ជាតិកម្ពុជា CNCC នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំការចាប់ឆ្នោតជ្រើសរើសគូប្រកួតដល់ក្រុមជ័យលាភីទាំង៨ នៅព្រឹកថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅសាលពហុកីឡដ្ឋានជាតិ ដែលក្រុមទាំង៨នេះ បានយកឈ្នះលើគូប្រកួតរៀងៗខ្លួន កាលពីពេល កន្លងទៅ នៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល២០១៩។
លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិនៃគណៈកម្មការបាល់ទាត់ជាតិកម្ពុជា CNCC ដែលចូលរួម ចាប់ឆ្នោត គូប្រកួតសម្រាប់ការប្រកួតបន្ត នៅវគ្គ៨ក្រុមចុងក្រោយ ឬវគ្គ១/៤នេះ ក្នុងនោះក្រុមសូលទីឡូ ប៉ះ បឹងកេត, ក្រុមការពារម្ចាស់ជើងឯក ក្រសួងការពារជាតិ ប៉ះ ភ្នំពេញក្រោន, វិសាខា ប៉ះ គីរីវង់សុខសែនជ័យ ខណៈព្រះខ័នរាជស្វាយរៀង ប៉ះ អង្គរថាយហ្គឺរ ដោយការប្រកួតនៅជើងទី១ នឹងប្រព្រឹត្តទៅ ថ្ងៃទី០៧ និង០៨ ខែសីហា ហើយនៅជើងទី២នឹងធ្វើឡើងពីថ្ងៃទី២១ ដល់ទី២២ ខែសីហា ឆ្នាំ២០១៩ ដើម្បីស្វែងរកក្រុមខ្លាំងៗ ចំនួន៤ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាពេលខាងមុខ។
សូមបញ្ជាក់ថា វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ គឺសុទ្ធសឹងតែក្រុមខ្លាំងៗ នៅលីគកំពូលកម្ពុជា ខណៈអតីតក្រុមរងជើងឯក ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមជើងឯក លីគ ណាហ្គាវើលដ៍ ធ្លាក់ត្រឹមវគ្គ១៦ក្រុម រួមទាំងក្រុម៤ទៀត ក្នុងលីគ រីឯ៣ក្រុម ថ្នាក់ខេត្តធ្លាក់ដូចៗគ្នាផងដែរ៕ធ.ដ