មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង រកឃើញពលរដ្ឋជិត២០០នាក់ បានឆ្លងជំងឺភ្នែកក្រហម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ បន្តរកឃើញប្រជាពលរដ្ឋជិត២០០នាក់​ បានឆ្លងជំងឺភ្នែកក្រហម ដែលរស់នៅក្នុងឃុំពោធិ ស្រុកកំពង់លែង ។ក្រុមគ្រូពេទ្យជំនាញកំពុងផ្តល់ការពិនិត្យ ព្យាបាល និងអំពាវនាវដល់ពលរដ្ឋដែលរស់នៅតាមដងទន្លេនេះ មានការប្រុងប្រយ័ត្ន។

ប្រធានមន្ទីរសុខាភិបាលខេត្ត​កំពង់ឆ្នាំង លោក ប្រាក់ វ៉ុន បានប្រាប់ឱ្យដឹងថា ​រូបលោក និងក្រុមការងារ រួមជាមួយនឹង​ក្រុមគ្រូពេទ្យបានចុះពិនិត្យ និង​រកឃើញពលរដ្ឋចំនួន ១៧៧ នាក់ ​មានកើត​ជំងឺភ្នែកក្រហម​។

លោកឱ្យដឹងថា ៖ «អាចនឹងមានករណីឆ្លងនេះនៅទីតាំងផ្សេងទៀត ហើយយើងកំពុងតែស្រាវជ្រាវ។ អ៊ី​ចឹងហើយបានយើងសំណូមឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេប្រុងប្រយ័ត្ន រក្សាអនាម័យ ថែរក្សាសុខភា​ព ដោយអនុវត្តវិធានការសុខាភិបាល ការលាងដៃឱ្យបានស្អាត ចៀសវាងការប៉ះពាល់ភ្នែក ព្រោះនេះជាជំ​ងឺឆ្លង»។

បើតាមប្រធានមន្ទីរសុខាភិបាលបើគិតចាប់តាំងផ្ទុះជំងឺនេះមក ក្នុងខេត្តកំពង់ឆ្នាំង បានរកឃើញពលរដ្ឋជាង ២០០នាក់ ដែលបានឆ្លងជំងឺភ្នែកក្រហម។ លោកបន្តថា  នេះជាតួលេខបណ្តោះអាសន្ន ដែលបានក​ត់ត្រាទិន្នន័យ តាមរយៈការព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែអាចនឹងមានច្រើនទៀត។ យើងកំពុងតែស្រង់ទិ​ន្នន័​យតាមរយៈការមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ និងផ្នែកចក្ខុ ថាតើអ្នកជំងឺនេះមានមូលដ្ឋានមកពីណា ដើម្បីមានវិធានការចុះទៅពិនិត្យ។

ពាក់ព័ន្ធបញ្ហានេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីថ្ងៃទី ២១ ខែតុលា  បានដឹកនាំកិច្ចប្រជុំក្រុមការងារដែលជាមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់ក្នុងក្របខណ្ឌទូទាំងប្រទេស តាមប្រព័ន្ធវីដេអូសន្និសីទ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ក្រុមឆ្លើយតបបន្ទាន់ ក្រុមគ្រូពេទ្យថ្នាក់ជាតិ ថ្នាក់រាជធានីខេត្ត ស្រុកប្រតិបត្តិ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពផងដែរ​។

ការប្រជុំនេះ​ធ្វើឡើង​ ក្នុងគោ​លបំណងពិនិត្យស្ថានភាព និងផ្សព្វផ្សាយការបណ្តុះបណ្តាលអំពីការបង្ការការចម្លង និងព្យាបាលជំងឺភ្នែកក្រហម។

លោកជំទាវ ក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលទូទាំងប្រទេស បន្តខិតខំប្រឹងប្រែងធ្វើការផ្សព្វផ្សាយសារអប់រំដ​ល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន អំពីការព្យាបាល និងបង្ការការចម្លងនៃ​ជំងឺភ្នែកក្រហម ដើម្បីទប់ស្កាត់ការរីករាលទ្រង់ទ្រាយធំ នៅតាមសហគមន៍។

លោកជំទាវបានលើកឡើង​​តាមរយៈហ្វេសប៊ុកក្រសួងសុខាភិបាលថា ៖ «​គ្រប់ភាគី ត្រូវតាមដានស្ថានភាពជំងឺឆ្លងភ្នែកក្រហមជារៀងរាល់ថ្ងៃ លើកផែនការត្រៀមទប់ស្កាត់ និងធ្វើសកម្មភាពដោយត្រូវសហការជាមួ​យអាជ្ញាធរមូលដ្ឋាន និងមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរទេស​ចរណ៍ និងមន្ទីរធម្មការនិងសាសនា ដែលជាអង្គភាពគ្រប់គ្រងការជួបជុំដែលមានមនុស្សច្រើន»។

សូមបញ្ជាក់ថា រោគសញ្ញាជំងឺឆ្លងភ្នែកក្រហម រួមមាន នៅផ្នែកសនៃភ្នែក ឡើងពណ៌ផ្កាឈូក ឬពណ៌ក្រ​ហម ហើមត្របក ភ្នែកជាពិសេសនៅពេលព្រឹកមានហូរទឹកភ្នែកច្រើនជាងមុន រកាំភ្នែកដោយសារមានអារម្មណ៍ថាមានអ្វីនៅក្នុងភ្នែកឬ ចង់ញីភ្នែក រមាស់ភ្នែក រលាក និង/ឬក្រហាយភ្នែក មានអាចម៍ភ្នែក (ពណ៌ខ្ទុះ ឬពណ៍ទឹកបាយ) ឈឺគ្រាប់ភ្នែកជាដើម។

កាលពីថ្ងៃទី១៩ ខែតុលា ក្រសួងសុខាភិបាល បានក្រើនរំឮកពលរដ្ឋឱ្យប្រុងប្រយ័ត្នជំងឺភ្នែកក្រហម ប​ន្ទាប់ពី​រកឃើញករណីជំនេះ កំពុងកើតថ្មីគួរឱ្យកត់សម្គាល់ក្នុងបណ្តាខេត្តមួយចំនួននៅប្រទេសកម្ពុជា។

ក្រសួងបញ្ជាក់ថា ករណីភាគច្រើននៃជំងឺឆ្លងភ្នែកក្រហម គឺស្រាល ហើយជាធម្មតាការឆ្លងនឹងជាសះស្បើ​យក្នុងរយៈពេលពី ៧ ទៅ ១៤ថ្ងៃដោយមិនតម្រូវឱ្យមានការព្យាបាល និងមិនមានផលវិបាករយៈពេលវែងនោះទេ។

ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ ការរលាកភ្នែកដោយវីរុសត្រូវការរយៈពេល ២ ទៅ ៣សប្ដាហ៍ ឬច្រើ​នជាងនេះដើម្បីជាសះស្បើយ។ គ្រូពេទ្យ អាចផ្តល់ថ្នាំអង់ទីប៊ីយោទិច ដូចជាថ្នាំបន្តក់ភ្នែក ឬថ្នាំដាក់ភ្នែក។ ការឱ្យថ្នាំបន្តក់ឬថ្នាំដាក់ភ្នែក ជួយបន្ថយរយៈពេលនៃការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃបាន៕

ដោយ៖សុខ រក្សា

ads banner