ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជកម្ម វប្បធម៍ និងការតភ្ជាប់ប្រជាជននិងប្រជាជន រវាងខេត្តលាវនីង និងកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ញាតឱ្យ ឯកឧត្តម វ៉ាង មីងយូ អនុប្រធានសភាពិគ្រោះយោបល់នយោបាយប្រជាជនចិន នៃខេត្តលាវនីង និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានស្វាគមន៍ចំពោះឯកឧត្តម វ៉ាង មីងយូ ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា និងបានបញ្ជាក់ថា កម្ពុជា-ចិន បានផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយគ្នា ហើយសង្ឃឹមថាប្រទេសទាំងពីរនឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតជាមួយគ្នាបន្តទៀត។

ឯកឧត្តមបានសម្តែងការអបអរសាទរ ចំពោះមិត្តចិនដែលបានរៀបចំវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី៣ ប្រកបដោយជោគជ័យត្រចះត្រចង់ ដោយមានប្រទេសជាសមាជិក និងអង្គការជាច្រើនបានចូលរួម ហើយក្នុងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក៏បានចូលរួមផងដែរ។ ជាមួយនិងភាពជោគជ័យរបស់មិត្តចិន ឯកឧត្តម អនុប្រធានទី២រដ្ឋសភា បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ ជាច្រើន ក្រោមគម្រោងរបស់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនេះ ដែលជាឆ្អឹងខ្នងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ កម្ពុជាតែង គាំទ្រជានិច្ចចំពោះគំនិតផ្តួចផ្តើមរបស់មិត្តចិន ជាអាទិ៍ រួមមាន គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល។

ចំពោះអង្គការនីតិប្បញ្ញត្តិប្រទេសទាំងពីរ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរ ស្ថាប័នទាំងពីរមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា និងបន្តខិតខំរួមគ្នា ដើម្បីជំរុញបន្ថែម នូវកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យបានកាន់តែប្រសើរនាពេលអនាគត។ ក្នុងនាមរដ្ឋសភាកម្ពុជា ឯកឧត្តម បានសម្តែងការគាំទ្រចំពោះរដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានចុះហត្ថលេខា លើកកិច្ចព្រមព្រៀងជាច្រើននាពេលថ្មីៗនេះ ដែលនឹងនាំមកនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តម វ៉ាង មីងយូ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម វង សូត ដែលបានអនុញ្ញតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសមនាពេលនេះ។ ឯកឧត្តម បានសម្តែងនូវមោទនភាពចំពោះប្រទេសទាំងពីរ កម្ពុជា-ចិន ដែលមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយគ្នា ក្នុងនាមជាមិត្តដែកថែប និងជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយគ្នា តាំងពីឆ្នាំ២០១០មក។

ឯកឧត្តម វ៉ាង មីងយូ បានជម្រាបអំពីខេត្តលាវនីង ដែលជាខេត្តដ៏មានសក្តានុពលរបស់ចិន មានការអភិវឌ្ឍស្ទើគ្រប់វិស័យ រួមមានវិស័យឧស្សាហកម្ម កសិកម្ម បច្ចេកវិទ្យា និងវិស័យអប់រំផងដែរ។ ដើម្បី ឆ្លើយតបតាមតម្រូវការរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ឯកឧត្តម នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងទេសចរណ៍ និងវប្បធម៌ រវាងខេត្តលាវនីង ជាមួយកម្ពុជា ជាពិសេស រវាងខេត្តលាវនីង ជាមួយខេត្តព្រះសីហនុ ដែលជាខេត្តបានចងសម្ព័ន្ធភាពជាមួយគ្នា។

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានកោតសរសើរចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់ខេត្តលាវនីង និងគាំទ្រចំពោះការចងសម្ព័ន្ធភាពរវាងខេត្តលាវនីង និងខេត្តព្រះសីហនុ ដែលជាការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ សំដៅសម្រេចបាននូវអត្ថប្រយោជន៍ រួមជាច្រើន សម្រាប់ប្រជាជនទាំងសងខាង។ 

ចុងក្រោយ ឯកឧត្តម បានផ្តាំផ្ញើសាកសួរសុខទុក្ខដល់ថ្នាក់ដឹកនាំខេត្តលាវនីងទាំងអស់ និងប្រជាជនខេត្តលាវនីង ព្រមទាំងជូនពរគណៈប្រតិភូទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner