ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជកម្ម វប្បធម៌ និងការតភ្ជាប់ប្រជា ជននិងប្រជាជន រវាងខេត្តលាវនីង និងកម្ពុជា
ភ្នំពេញ៖ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ញាតឱ្យឯកឧត្តម វ៉ាង មីងយូ អនុប្រធានសភាពិគ្រោះយោបល់នយោបាយប្រជាជនចិននៃខេត្តលាវនីង និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីព្រឹកថ្ងៃទី ២៣ ខែតុលាឆ្នាំ២០២៣។
ក្នុងឱកាសនៃជំនួបឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានស្វាគមន៍ចំពោះឯកឧត្តម វ៉ាង មីងយូ ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា និងបានបញ្ជាក់ថា កម្ពុជា-ចិន បានផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយគ្នា ហើយសង្ឃឹម ថាប្រទេសទាំងពីរនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតជាមួយគ្នាបន្តទៀត។

ឯកឧត្តម ក៏បានសម្តែងការអបអរសាទរចំពោះមិត្តចិនដែលបានរៀបចំវេទិកាខ្សែក្រវាត់និងផ្លូវលើកទី៣ ប្រកបដោយជោគជ័យត្រចះត្រចង់ ដោយមានប្រទេសជាសមាជិក និងអង្គការជាច្រើនបានចូលរួម ។ក្នុងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាក៏បានចូលរួមផងដែរ។
ជាមួយនឹងភាពជោគជ័យរបស់មិត្តចិន ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានថ្លែងអំណរគុណចំពោះមិត្តចិនដែលតែងតែជួយឧបត្ថម្ភគាំទ្រ ដល់កម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាច្រើន ក្រោមគម្រោងរបស់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ ដែលជាឆ្អឹងខ្នងក្នុង ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ។កម្ពុជាតែងគាំទ្រជានិច្ចចំពោះគំនិតផ្តួចផ្តើមរបស់មិត្តចិន ជាអាទិ៍ រួមមានគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល។
ចំពោះអង្គការនីតិប្បញ្ញត្តិប្រទេសទាំងពីរ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរ ស្ថាប័នទាំងពីរមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាង ល្អជាមួយគ្នា និងបន្តខិតខំរួមគ្នាដើម្បីជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យបានកាន់តែប្រសើរនាពេលអនាគត។
ក្នុងនាមរដ្ឋសភាកម្ពុជា ឯកឧត្តមបានគាំទ្រចំពោះរដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាលើកកិច្ចព្រម ព្រៀងជាច្រើននាពេលថ្មីៗនេះ ដែលនឹងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តម វ៉ាង មីងយូ បានថ្លែងអំណរគុណចំពោះឯកឧត្តម វង សូត ដែលបានអនុញ្ញតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសមនាពេលនេះ។ ឯកឧត្តមបានសម្តែងនូវមោទនភាពចំពោះប្រទេសទាំងពីរ កម្ពុជា-ចិន ដែលមានទំនាក់ទំនងយ៉ាងស្អិត រមួតជាមួយគ្នាក្នុងនាមជាមិត្តដែកថែម និងជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយគ្នាតាំងពីឆ្នាំ២០១០មក។

ឯកឧត្តម វ៉ាង មីងយូ បានជម្រាបឯកឧត្តមអនុប្រធានទី២នៃរដ្ឋសភាអំពីខេត្តលាវនីង ។ឯកឧត្តមបញ្ជាក់ថា លាវនីង ជាខេត្តដ៏មានសក្តានុពលរបស់ចិន ។មានការអភិវឌ្ឍស្ទើគ្រប់វិស័យ រួមមាន វិស័យឧស្សាហកម្ម កសិកម្ម បច្ចេកវិទ្យា និងវិស័យអប់រំផងដែរ។ ដើម្បី ឆ្លើយតបតាមតម្រូវការរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ឯកឧត្តមនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចពាណិជ្ជកម្ម និងទេសចរណ៍ និងវប្បធម៌ រវាងខេត្តលាវនីង ជាមួយកម្ពុជា ។ជាពិសេសរវាងខេត្តលាវនីង ជាមួយខេត្តព្រះសីហនុ ដែលជាខេត្ត បានចងសម្ព័ន្ធភាពជាមួយគ្នា។
ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភាបានកោតសរសើរចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់ខេត្តលាវនីង និងគាំទ្រចំពោះការចង សម្ព័ន្ធភាព រវាងខេត្តលាវនីង និងខេត្តព្រះសីហនុ ដែលជាការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជន និង ប្រជាជននៃប្រទេសទាំងពីរសំដៅសម្រេចបាននូវអត្ថប្រយោជន៍រួមជាច្រើនសម្រាប់ប្រជាជនទាំងសងខាង ៕ដោយ៖ពលជ័យ
