ប្រមុខការទូតកំពូលចិននឹងទៅបំពេញទស្សនកិច្ចដ៏កម្រនៅសហរដ្ឋអាមេរិក មុនដំណើរទស្សនកិច្ចដ៏មានសក្តានុពលរបស់លោក ស៊ី

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ថា ប្រមុខការទូតកំពូលចិននឹងទៅបំពេញទស្សនកិច្ចដ៏កម្រនៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ចដ៏មានសក្តានុពលរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។

Read. រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នឹងក្លាយជាមន្រ្តីជាន់ខ្ពស់មួយរូបរបស់ប្រទេសចិន ដែលមកបំពេញទស្សនកិច្ចនៅរដ្ឋធានីរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលជិត ៥ឆ្នាំ ដើម្បីធ្វើទស្សនកិច្ចចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍សប្តាហ៍នេះ ចំពេលប្រទេសមហាអំណាចទាំងពីរជួបភាពតានតឹង ជុំវិញបញ្ហាពាណិជ្ជកម្ម, អ៊ុយក្រែន, មជ្ឈិបូព៌ា និងកោះតៃវ៉ាន់ជាដើម។

មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រឹងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ ដើម្បីគ្រប់គ្រងការប្រកួតប្រជែងដោយការទទួលខុសត្រូវ។ ប្រភពមួយបាននិយាយក្នុងលក្ខខណ្ឌអនាមិកថា អាមេរិកនៅតែជឿជាក់ថា កិច្ចពិភាក្សាការទូតទល់មុខគ្នាដោយផ្ទាល់ គឺជាមធ្យោបាយដ៏ល្អបំផុត ក្នុងការលើកឡើងនូវបញ្ហាប្រឈម, ការដោះស្រាយការយល់ខុស និងកង្វះការទំនាក់ទំនង ក៏ដូចជាស្វែងរកការធ្វើការជាមួយចិន ដើម្បីផលប្រយោជន៍រួមគ្នា។

សូមរម្លឹកថា លោក បៃដិន ដែលបានជួបលោក ស៊ី លើកចុងក្រោយ កាលពីខែវិច្ឆិកាឆ្នាំមុន នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅកោះបាលី បានអញ្ជើញមេដឹកនាំចិនឱ្យធ្វើដំណើរមកកាន់ទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ នាខែវិច្ឆិកាឆ្នាំនេះ ជាទីដែលសហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner