ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សចំនួន ៥៣៨គ្រួសារ នៅក្នុងខេត្តបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា‌

បាត់ដំបង៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជួយសម្រាលការលំបាកផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សចំនួន ៥៣៨គ្រួសារ រស់នៅស្រុកបវេល ស្រុកភ្នំព្រឹក និងស្រុកកំរៀង ខេត្តបាត់ដំបង ដែលកំពុងស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាព នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ មាន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សម្អាតបរិស្ថានជុំវិញផ្ទះ កុំឲ្យមានជម្រកមុស ដែលធ្វើកូនចៅបងប្អូនកើតជំងឺគ្រុនឈាម និងប្រុងប្រយ័ត្នខ្ពស់ចំពោះចាស់ជរានិងកុមារដោយយថាហេតុណាមួយ និងសូមប្រកាន់ភ្ជាប់នូវការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត និងត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផលនិងប្រកបមុខរបរផ្សេងៗដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើង។ បច្ចុប្បន្ននេះ ជំងឺភ្នែកក្រហមកំពុងរាតត្បាតជាច្រើនខេត្តនៅប្រទេសកម្ពុជា ហេតុដូចនេះសូមបងប្អូនរក្សាអនាម័យ លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ កុំប្រើប្រាស់សម្ភារៈរួមគ្នា ប្រសិនបើបងប្អូនឆ្លងជំងឺនេះ សូមបងប្អូនទៅពិនិត្យនិងពិគ្រោះយោបល់ពីគ្រូពេទ្យជំនាញដែលនៅបងប្អូនបំផុតដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះ ឯកឧត្តមវេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីសុខភាពល្អ របស់មនុស្សជាតិ សត្វ និងធម្មជាតិជុំវិញខ្លួន ដែលត្រូវការចាំបាច់ណាស់នូវបរិស្ថានល្អ ពុំមានថង់ប្លាស្ទិក ហើយថ្មីៗនេះ កាកបាទក្រហមកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយក្រសួងបរិស្ថាន ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ។

សូមបញ្ជាក់ថា ការចែកអំណោយនេះមានចំនួន៣ទីតាំង គឺ ៖ ទីតាំងទី១ នៅសាលាស្រុកបវេល ភូមិទំនប់ទឹក ឃុំបួវិល ស្រុកបវេល មានចំនួន ២៥៨គ្រួសារ មកពី៨១ភូមិ ៨ឃុំ ស្រុកបវេល ទីតាំងទី២ នៅវត្តគីរីសង្វាពេជ្រ ស្ថិតនៅ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក មានចំនួន ១៤០គ្រួសារ មកពី១៦ភូមិ ៣ឃុំ ស្រុកភ្នំព្រឹក និងទីតាងទី៣ នៅអនុសាខាស្រុកកំរៀង ស្ថិតនៅភូមិអូរដា ឃុំអូរដារ ស្រុកកំរៀង មានចំនួន ១៤០គ្រួសារ មកពី៣៧ភូមិ ៦ឃុំ ស្រុកកំរៀង ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner