គ.ជ.ប សម្រេចលើខ្លឹមសារឯកសារដែលត្រូវបោះពុម្ព និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤
ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើខ្លឹមសារឯកសារ ដែលត្រូវបោះពុម្ព និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖
១.ឯកភាពលើការស្នើសុំរៀបចំបោះពុម្ពសៀវភៅច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះបញ្ចូលគ្នាជាសៀវភៅតែមួយ។
២.ឯកភាពលើខ្លឹមសារក្រមសីលធម៌ ចំនួន៣ ដែលបានដកស្រង់ទាំងស្រុងចេញពីបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដើម្បីបោះពុម្ព រួមមាន៖
•ក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងដំណើរការបោះឆ្នោត។
•ក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងដំណើរការបោះឆ្នោត។
•ក្រមសីលធម៌សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត។
៣.ឯកភាពលើគំរូទម្រង់បែបបទ ចំនួន១៥ប្រភេទ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
៤.ឯកភាពលើខ្លឹមសារស្រោមសំបុត្រ ស្បោង និងសម្ភារការិយាល័យបោះឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ រួមមាន៖
•ស្រោមសំបុត្របោះឆ្នោត ចំនួន១៦ប្រភេទ
•ស្បោង ឬកញ្ចប់ដាក់សម្ភារឯកសារបោះឆ្នោត ចំនួន៦ប្រភេទ
•គំរូត្រាការិយាល័យបោះឆ្នោត
•ត្រាសម្ងាត់
•ស្លាកសម្គាល់ការិយាល័យបោះឆ្នោត
•សេចក្តីណែនាំស្តីពីការបោះឆ្នោតបាន ឬការបោះឆ្នោតពុំបាន
•បណ្ណប្រកាសហាមប្រើទូរសព្ទដៃ ម៉ាស៊ីន និងឧបករណ៍ថតរូបក្នុងការិយាល័យបោះឆ្នោត។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប

