កិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន ២៧ ផ្សេងទៀតគឺដើម្បី៖
១. ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម ពង្រឹងធ្លុងសាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
២. ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានគង់វង្ស ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីធានាដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព និងលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាជនគ្រប់រូបប្រកបដោយភាពសុខដុម។
៣. ធ្វើឱ្យដំណើរការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងសកល និងអសកល បានប្រព្រឹត្តទៅត្រឹមត្រូវ ទៀងទាត់ តាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព។
#ams1minute