​ប្រទេស​កាតាកំពុងបន្តដឹកនាំការចរចាររវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់

កាតា៖ បើយោងតាមប្រភពមួយបាន​ឱ្យ​ដឹង​ថា ប្រទេសកាតាកំពុង​បន្ត​សម្របសម្រួ​ល ការចរចាររវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់ ​កាលពី​ថ្ងៃ​​ទី២៨ ខែតុលា កន្លងទៅ​នេះក្នុង​គោលដៅ​បន្ថយ​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ហ្គាហ្សា​ បើ​ទោះ​ជា​អ៊ីស្រាអែល​បាន​បង្កើន​ការ​វាយ​លុក​របស់​ខ្លួន​ទៅ​លើ​តំ​បន់​នោះ​ក៏​ដោយ។​

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានបញ្ជាក់ថា ប្រភពខាងលើនេះស្នើសុំនិយាយ​ក្នុង​លក្ខខណ្ឌ​មិនបញ្ចេញ​ឈ្មោះ​ដោ​យ​​សារតែភាពរសើបនៃការចរចា។​

ប្រជាជននៅតំបន់ហ្គាហ្សានាពេលនេះ ស្ទើរតែគ្មានទំនាក់ទំនងអ្វីសោះជាមួយពិភពខាងក្រៅ ខណៈ​ដែល​យ​ន្ត​ហោះ​អ៊ីស្រាអែលបានបន្តទម្លាក់គ្រាប់បែកបន្ថែមទៀតទៅលើក្រុមហាម៉ាស់។​ លើសពីនេះ​ទៅទៀត​មេទ័ពអ៊ីស្រាអែល​បាននិយាយថា ការវាយលុកតាមផ្លូវគោកកំពុងរៀបចំឡើង។​

គួរឱ្យដឹងដែរ​ថា កាតាបាននិងកំពុងដឹកនាំការចរចា​ផ្នែកការទូតនៅពីក្រោយឆាកអស់រយៈពេលជាងបីសប្តា​ហ៍​ដោយ​មន្ត្រីកាតាព្យាយា​មនិយាយទៅកាន់មន្ត្រីក្រុមហាម៉ាស់ និងអ៊ីស្រាអែល ដើម្បីឱ្យ​លើក​កម្ពស់​សន្តិ​ភាព និងធានា​កា​រ​ដោះលែង​ចំណាប់ខ្មាំងជាង ២០០ នាក់ដែលក្រុមហាម៉ាស់ និងក្រុមប្រដាប់​អាវុធផ្សេ​ងទៀត​កំពុងកាន់​កាប់នៅ​តំបន់ហ្គាហ្សា។​

ជាលទ្ធផលមកទល់ពេលនេះ តាមរយៈ​ការសម្រុះសម្រួលរបស់​ប្រទេសកាតា កាល​ពីសប្តាហ៍​មុន​បានធ្វើ​ឱ្យ​​ក្រុម​ហាម៉ាស់​បានដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិកពីរនាក់ម្តាយ និងកូនស្រី រួមទាំង​ស្ត្រីចំណាស់​ជ​នជាតិ​អ៊ីស្រាអែល​ ២នាក់ផងដែរ​។​

ស្របពេលជាមួយគ្នានេះដែរ​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានយ៉ាហ៊ូ(Benjamin Netanyahu)បាននិយាយ​កាល​ពីថ្ងៃសៅរ៍ដែរ​ថា កិច្ចខិតខំប្រឹងប្រែងដើម្បីធានាឱ្យមានការដោះលែងចំណាប់ខ្មាំងនឹងបន្ត សូម្បីតែក្នុង​អំឡុង​ពេលនៃ​ការវាយ​លុកតាមដែនគោលដៅ​ចូលទៅតំបន់ហ្គាហ្សាក៏ដោយ។​

ចំណែកឯភាគីក្រុមប្រដាប់អាវុធហាម៉ាស់វិញបាននិយាយថា ខ្លួនជិត​ឈានដល់កិច្ច​ព្រមព្រៀង​ជាមួយ​អ៊ីស្រា​អែល​ជុំវិញបញ្ហាចំណាប់ខ្មាំងទៅហើយ ប៉ុន្តែការជាប់គាំងគឺដោយសារអ៊ីស្រាអែលខ្លួនឯង​ទៅវិញទេ។លោក Abu Ubaida អ្នកនាំពាក្យរបស់កងពលតូច Izz el-Deen al-Qassam ក៏បាន​និយាយ​នៅក្នុង​សុន្ទ​រកថា​វីដេអូមួយដែរ​ថា ក្រុមរបស់ខ្លួននឹងដោះលែងចំណាប់ខ្មាំងទាំងអស់ ប្រសិនបើអ៊ីស្រាអែល​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីនទាំងអស់។​

មកទល់ពេលនេះ អ៊ីស្រាអែលបានឱ្យដឹងថា មនុស្សចំនួន ១.៤០០នាក់ដែលភាគច្រើនជាជន​ស៊ីវិលត្រូវបាន​សម្លាប់ក្នុងអំឡុង​​ការវាយឆ្មក់ដឹកនាំដោយក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា ហើយចំណាប់ខ្មាំ​ង ២២៤ ក៏នាក់ត្រូវបានចាប់ខ្លួនដោយភាគច្រើនមានលិខិតឆ្លងដែនបរទេសមកពី ២៥ ប្រទេសផ្សេងៗគ្នា៕​

ដោយ៖ស្រ៊ុន សិរីវឌ្ឍនៈ

ប្រភព៖ Qatar-led negotiations between Israel and Hamas continue, source says

https://www.reuters.com/world/middle-east/qatar-led-negotiations-between-israel-hamas-continue-source-2023-10-28/

ads banner