រាជរដ្ឋាភិបាលកម្ពុជា រំពឹងសម្រេចបានកំណើនសេដ្ឋកិច្ច​ក្នុងរង្វង់ ៦,៦ភាគរយ នៅឆ្នាំ២០២៤

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើង​ថា ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងបន្តមាន​និន្នាការកើនឡើង ដោយរំពឹងថា​ សម្រេចបានកំណើនក្នុងរង្វង់៦,៦ភាគរយ ដែលធ្វើឱ្យ​ផលិតផល​ក្នុងស្រុកសរុប(ផ.ស.ស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២ ៩៥៧ ប៊ីលានរៀល សមមូលនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារ។

យោងតាម​ខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដែលផ្សព្វផ្សាយដោយក្រ​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៧ ខែតុលា ​បានបញ្ជាក់​ថា ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើ​នឡើងដល់ ២ ០៧១ ដុល្លារបើធៀបនឹងប្រមាណ ១ ៩១៧ ដុល្លារ ក្នុងឆ្នាំ២០២៣។

ការរំពឹងទុកនូវកំណើន ៦,៦ភាគរយនេះ ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជា វិស័យឧស្សាហកម្មត្រូវបាន ព្យាករ​ថានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥ភាគរយក្នុងឆ្នាំ២០២៤ ពីប្រមាណ​៥ភាគរយ ក្នុងឆ្នាំ២០២៣ ដោយ​សា​រការរំពឹងទុក ការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរនៅបន្តរក្សាបា​នកំណើនរឹងមាំ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។

ចំណែក វិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងបន្តនិន្នាការល្អ ក្នុងអត្រាកំណើន ៦,៩ភាគរយ ក្នុងឆ្នាំ ២០២៤ ពីមូលដ្ឋានល្អក្នុងរង្វង់ ៨,១ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការបន្តងើបឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ច ក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលក៏នឹងមានផលជះជាវិជ្ជមាន ដល់វិស័យ-អនុវិស័យគាំទ្រផ្សេងៗទៀត រួមមាន អនុវិស័យលក់ដុំ-រាយ និងដឹកជញ្ជូន ជាដើម។

រីឯវិស័យកសិកម្មរំពឹងថា នឹងបន្តសម្រេចបានកំណើនល្អ ក្នុងរង្វង់ ១,១ភាគរយ ក្នុងឆ្នាំ ២០២៤ ធៀបនឹង ០,៩ភាគរយ ក្នុងឆ្នាំ​២០២៣ ដោយសារការបន្តនិន្នាការល្អនៃអនុវិស័យដំណាំ និងការបន្តងើបឡើងវិញនៃអនុវិស័យ នេសាទ ខ​ណៈដែលអនុវិស័យចិញ្ចឹមសត្វនៅបន្តមានស្ថិរភាព។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៩ ខែតុលាថា រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា ក្នុងឆ្នាំ២០២៤ខាងមុខនេះ នឹងបន្តប្រកាន់ខ្ជាប់នូវការអនុវត្ត​គោលការណ៍ រក្សាសមិទ្ធផលចាស់ បង្កើតស​មិ​ទ្ធផលថ្មី សំដៅលើក​កម្ពស់ការបន្តអភិវឌ្ឍន៍ជាតិប្រកបដោយបរិយាបន្ន ជាពិសេស ការរក្សាកំណើនសេដ្ឋកិច្ចជាតិ ក្នុងអត្រា​៦,៦ភាគរយ ជាមួយនឹងអត្រាអតិផរណា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។

អ្នកឧកញ៉ាបញ្ជាក់ថា  ​ក្នុងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច នៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រ​ប់គ្រងឆ្នាំ ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរំលេចពីទស្សនៈវិស័យសេដ្ឋកិច្ចសកល សម្រាប់ឆ្នាំ២០២៤ ត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនល្អ ជាមួយនឹងការថមថយ អត្រាអតិផរណា ខណៈឆ្នាំ២០២៣ ជាចំណុចរបត់មួយ ដែលកំ​ណើនសេដ្ឋកិច្ចសកលធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងបរិការណ៍ក្រោយវិបត្តិជំងឺកូវីដ១៩។

អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈវិញ យល់ឃើញថា ការព្យាកររបស់រាជរដ្ឋាភិបាលនេះ គឺ​ផ្អែកទៅលើសូចនាករឆ្លុះបញ្ចាំងទៅលើកំណើនក្នុងវិស័យពាណិជ្ជកម្ម, កសិកម្ម, ឧស្សាហកម្ម(កំលាំងផលិត), វិស័យទេ​សចរណ៍ និងការវិនិយោគពីបរទេស រួមនឹងវិស័យមួយចំនួនទៀត។

លោកបានបញ្ជាក់​ថា  របាយការណ៍ពាណិជ្ជកម្ម នៅក្នុងរយៈពេលប្រាំបួនខែ ឆ្នាំ​២០២៣នេះ មានការកើនឡើង ជាពិសេសនៅ​ក្នុងក្របខ័ណ្ឌRCEP ថ្វីត្បិតដែលយើងមានការថមថយ​ក្នុងការនាំចេញទៅកាន់អាមេរិក និងអឺរ៉ុបក៏ដោយ។ ប្រព័ន្ធអ​នុគ្រោះពន្ធថ្មី ដែលអង់គ្លេសផ្តល់ឱ្យ សមិទ្ធផលនៃវិស័យហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា អាកាសយានដ្ឋានអន្តរជាតិសៀម​រាបអង្គរថ្មីជាដើម នឹងអាចរុញកំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយ ឱ្យសម្រេចបានតាមការព្យាករ។

​តាមសេចក្តីព្រាងច្បាប់នេះ បើទោះបីជាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ ត្រូវបានរំពឹងថា នឹងបន្តងើបឡើងវិញក្នុងអត្រាកំណើន ៦,៦ភាគរយ យ៉ាងណាក្តី, កម្ពុជាក៏នឹងនៅបន្តជួបប្រទះនឹងហានិភ័យ និងបញ្ហាប្រឈមចម្បងៗ ជាពិសេសពីកត្តាខាងក្រៅ ដែលអាចធ្វើឱ្យ​កំណើន​នេះ មិនអាចសម្រេចបានតាមការគ្រោងទុក ក៏ដូចជាអាចទាញពន្យឺតដល់កំណើនសេ​ដ្ឋកិច្ចកម្ពុជា​ជារួមក្នុងរយៈពេលមធ្យមខាងមុខ ។ក្នុងនោះរួមមាន ការកើនឡើងនូវភាពតានតឹងភូមិសាស្រ្តនយោបាយតំបន់ និងសកល, ការថមថយសេដ្ឋកិច្ចសកល ជាពិសេសបណ្តាប្រទេសដែលជាដៃគូពាណិជ្ជកម្មកម្ពុជា, ការបន្តរឹតបន្តឹងយូរជាងការរំពឹងទុកនៃគោលនយោបាយរូបិយវត្ថុ ជាពិសេសសហរដ្ឋអាមេរិក និងការបន្តកើនឡើងថ្លៃរូបិយប័ណ្ណដុល្លារអាមេរិក ដែលអាចប៉ះពាល់ដល់រំហូរទុនវិនិយោគ និ ងពាណិជ្ជកម្ម រួមនឹងកត្តាមួយចំនួនទៀត។

​ដោយឡែកចំពោះកត្តាខាងក្នុង កម្ពុជានៅបន្តប្រឈមនឹងបញ្ហាជារចនាសម្ព័ន្ធមួយចំនួន ដូចជា ភាពប្រកួតប្រជែងនៅមានកម្រិត និងល្បឿនទាបនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងការបន្តពឹងផ្អែកខ្លាំង លើតម្រូវការខាងក្រៅ៕

ដោយ៖វណ្ណ សុជាតា

ads banner