អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ក្រោមដំបូលនៃសុខសន្តិភាព អ្នកសារព័ត៌មានបាននិងកំពុងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងពេញលេញ និងយ៉ាងសកម្មពីគ្រប់ទិសទីនៅទូទាំងប្រទេសកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានឱ្យដឹងនៅឲ្យថា ក្រោមដំបូលនៃសុខសន្តិភាព អ្នកសារព័ត៌មានបាននិងកំពុងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងពេញលេញ និងយ៉ាងសកម្មពីគ្រប់ទិសទី នៅទូទាំងប្រទេសកម្ពុជា ក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ឬធ្វើសេចក្ដីរាយការណ៍ព័ត៌មានរបស់ខ្លួនដោយសេរី គ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាព។

លោកបានបន្តថា ទាក់ទងការលើកឡើងរបស់ជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អំពីករណីអ្នកសារព័ត៌មានដែលបានស្លាប់នោះ បើផ្អែកតាមរបាយការណ៍ដែលក្រសួងព័ត៌មានធ្លាប់ទទួលបាន គឺអ្នកសារព័ត៌មានមួយចំនួនត្រូវបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នៅពេលដែលពួកគេធ្វើដំណើរ ដែលនោះគឺជាឧប្បទ្ទវហេតុ ដែលបានកើតឡើងដោយចៃដន្យ និងខ្វះការប្រុងប្រយ័ត្នពាក់ព័ន្ធទៅនឹងការគោរពច្បាប់ចរាចរណ៍ និងមានករណីមួយចំនួនជាប់ពាក់ព័ន្ធទៅនឹងទំនាស់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកសារព័ត៌មាន។

អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា ទាក់ទងទៅនឹងអ្វីដែលបានលើកឡើងរបស់អង្គការសង្គមស៊ីវិល គឺបានបង្ហាញពីការយកចិត្តទុកដាក់ ក៏ប៉ុន្តែរាល់ការធ្វើសេចក្តីសន្និដ្ឋានទាំងអស់របស់ពួកគេ ត្រូវតែមានការពិចារណាឱ្យបានគ្រប់គ្រុងជ្រោយជាមុនសិនដែរ ទាំងអង្គហេតុ និងអង្គច្បាប់ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលអាចរួមចំណែកដំណើរការ នៃនីតិវិធីស៊ើបអង្កេតរបស់សមត្ថកិច្ចនគរបាលយុត្តិធម៌ និងអាជ្ញាធរផ្សេងទៀត ព្រោះនៅពេលដែលសមត្ថកិច្ចមិនទាន់បិទសំណុំរឿងណាមួយនោះ វាជាការផ្តល់នូវឱកាស និងពេលវេលាសម្រាប់អ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីប្រមូលនិងរៀបចំភស្តុតាងដែលអាចជាបច្ច័យថ្មីរួមចំណែកក្នុងនីតិវិធីស៊ើបអង្កេតលើករណីណាមួយនោះ។ ការណ៍នេះ ជួយដល់សមត្ថកិច្ចទទួលបានព័ត៌មានកាន់តែប្រសើរដើម្បីឈានទៅកំណត់មុខសញ្ញា និងចាត់ចែងទៅតាមវិធានការ និងនីតិវិធីច្បាប់ជាធរមាន។

អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ការការពារ និងការបង្កើនភាពងាយស្រួលដល់អ្នកសារព័ត៌មានក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មានជាអាទិភាពចម្បងមួយក្នុងចំណោមកិច្ចការអាទិភាពផ្សេងៗទៀត ដែលក្រសួងព័ត៌មានកំពុងផ្តល់ការយកចិត្តទុកដាក់ និងអនុវត្ត ក្នុងគោលបំណងធ្វើឱ្យវិស័យសារព័ត៌មាន ក្លាយជាវិស័យស្នូលមួយសម្រាប់ការអភិវឌ្ឍន៍សង្គមទាំងមូល ក៏ដូចជាសម្រាប់ពាំនាំនូវសំឡេងរបស់កម្ពុជាទៅកាន់ប្រជាជននៅទូទាំងប្រទេស និងនៅលើពិភពលោក។ ការផ្តល់ការពារខាងផ្នែកច្បាប់ដល់អ្នកសារព័ត៌មានដែលបានចុះបញ្ជីជាមួយក្រសួងព័ត៌មានមានសារៈសំខាន់រួមចំណែកធ្វើឱ្យគោលបំណងនេះទទួលបាននូវជោគជ័យ។ ជាក់ស្តែង ក្រសួងព័ត៌មានបានផ្តួចផ្តើមកិច្ចសហប្រតិបត្តិការជាមួយក្រុមមេធាវីរបស់រាជរដ្ឋាភិបាលលើលទ្ធភាពផ្តល់កិច្ចការពារផ្លូវច្បាប់ដល់អ្នកសារព័ត៌មានដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីលើកកម្ពស់ការបំពេញការងារវិជ្ជាជីវៈរបស់ខ្លួនអោយបានកាន់តែល្អ និងប្រកបដោយគុណភាព។ ជាងនេះទៀត ក្រសួងព័ត៌មាន បានសហការជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យ សុខភាព ដែលជាកិច្ចគាំពារផ្តល់ជូនដល់មន្រ្តីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានដែលបានចុះបញ្ជីត្រឹមត្រូវ៕
ដោយ៖ពលជ័យ

ads banner