គណបក្សនយោបាយជាច្រើនថ្កោលទោសក្រុមពួកប្រឆាំងជ្រុលនិយមបំភ្លៃការពិត ទម្លាក់កំហុសដោយចេតនាមកលើគណបក្សសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ គណបក្សចលនាប្រជាធិបតេយ្យ គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ គណបក្សម៉ូលីណាកា គណបក្សខ្មែរអភិរក្ស គណបក្សខ្មែរក្រោក និងគណបក្សកម្លាំងប្រជាធិបតេយ្យ បានធ្វើការថ្កោលទោសក្រុមពួកប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស បានផ្តល់បទសម្ភាសតាមរយៈវិទ្យុ VOD បានធ្វើការញុះញង់ លាបពណ៌បំភ្លៃការពិត ទម្លាក់កំហុសដោយចេតនាមកលើគណបក្សសម្ព័ន្ធភាពថាជាថ្នូរការចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានតួនាទីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយគ្មានការពិតទាំងស្រុង ព្រោះការចងសម្ព័ន្ធភាពវាជាសិទ្ធិសេរីភាព កើតចេញពីការសម្រេចចិត្តដោយគ្មានការបង្ខិតបង្ខំដូចក្រុមប្រឆាំងជ្រុលនិយមលើកឡើងឡើយ។

ញ្ញត្តិថ្កោលទោសបានបន្តថា ចំពោះការសម្រេចចិត្តចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា គឺធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យ និងស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

គណបក្សសម្ព័ន្ធភាព ប្តេជ្ញាគោរពប្រតិបត្តិ ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម។ ពង្រឹងធ្លុងសាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។

គណបក្សសម្ព័ន្ធភាព រួមសហការគ្នាដើម្បីទប់ស្កាត់ និងកំចាត់ចោលនូវនយោបាយជ្រុលនិយមចេញឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា និងសុំធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចដេកចាំស៊ីប្រាក់ខែ បរទេស យកលុយបរទេស ដែលនឹងកំពុងធ្វើសកម្មភាពនយោបាយទុច្ចរិត ញុះញង់លាបពណ៌ឲ្យខ្មែរ បែកបាក់សាមគ្គីផ្ទៃក្នុងជាតិ ឆ្លៀតបម្រើនយោបាយឲ្យបរទេស ក្នុងគោលដៅដណ្តើមអំណាចតាមរូបភាពដោយខុសច្បាប់ ដែលត្រូវយកផ្ដន្ទាទោសដោយគ្មាន ការលើកលែង៕
ដោយ៖ពលជ័យ

ads banner