ជំនួបរដ្ឋមន្រ្តីការបរទេស ៖ ជប៉ុនបន្តជួយគាំទដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា

ភ្នំពេញ៖​ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ បានជួបសន្ទនាតាម​ទូរសព្ទ​ប្រកបដោយផ្លែផ្កាជាមួយលោកជំទាវ កាមិកាវ៉ា យ៉ូកុ (KAMIKAWA Yoko) រដ្ឋមន្ត្រីការបរទេសជប៉ុនកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិបានបញ្ជាក់ថា នៅក្នុងការផ្លាស់ប្តូរទស្សនៈគ្នាជាផ្លូវការជាលើកដំបូង ចាប់តាំងទទួលបានការតែងតាំងជារដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីទាំងពីរបានកោត​សរសើរ​គ្នាទៅវិញទៅមក អំពីការរួមចំណែកយ៉ាង សំខាន់​ដល់ការពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ជាពិសេសក្នុងវិស័យដែលមាន​សារសំខាន់ដូចជា សេដ្ឋកិច្ច និងកិច្ចការច្បាប់ នៅក្នុងពេលបំពេញ​តួនាទី​​ពីមុនរបស់ថ្នាក់ដឹកនាំទាំងពីរ។

ភាគីទាំងពីរបានអបអរសាទរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងទំនាក់ទំនងកម្ពុជា- ជប៉ុនដែលត្រូវបានដំឡើងទៅ «ភាពជាដៃ​គូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខណៈពេលដែល ប្រទេសទាំងពីរកំពុងអបអរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត ក្នុងឆ្នាំនេះ។

រដ្ឋមន្ត្រីទាំងពីរក៏បានកត់សម្គាល់ ដោយការពេញចិត្តនូវការរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យនានាជាពិសេសក្នុងវិស័យសេដ្ឋកិច្ច។ សមិទ្ធផលដែលគួរឱ្យកត់សម្គាល់រួមមាន ការពង្រីក ផ្សារអ៊ីអនម៉ល និងការសម្ពោធរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយូតា នៅឆ្នាំ​ក្រោយ។ ភាគីទាំងពីរក៏បានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តរួមគ្នាដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ​ដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមករួមមានវិស័យនយោបាយ ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ អភិបាលកិច្ចល្អ ច្បាប់ និង​កិច្ចសហ​ប្រតិបត្តិការអភិវឌ្ឍន៍។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និង ប្រជាជនជប៉ុនដែលបានរួមចំណែកយ៉ាងធំធេង​ដល់​ដំណើរការសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។ លោកជំទាវរដ្ឋមន្ត្រី កាមិកា បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តឥតងាករបស់ រដ្ឋាភិបាលជប៉ុនក្នុងការបន្តជួយគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា។

រដ្ឋាភិបាលជប៉ុនទន្ទឹងរង់ចាំស្វាគមន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល​រំលឹក​​ខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរ ឆ្នាំទី ៥០ នៃមិត្តភាព និង កិច្ចសហប្រតិបត្តិការ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ពីថ្ងៃទី១៦ ដល់ ១៨ ខែធ្នូ ឆ្នាំ២០២៣ និងជំនួបកំពូលរវាងសម្ដេចធិបតី និងឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយក រដ្ឋមន្ត្រីជប៉ុន។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីការវិវត្តនៅក្នុងតំបន់ និងអន្តរជាតិរួមមានទំនាក់ ទំនងអាស៊ាន-ជប៉ុន កិច្ចសហប្រតិបត្តិការ​ថែរក្សា​សន្តិភាព និងការបណ្តុះបណ្តាលការដោះមីន ព្រម ទាំងស្ថានការណ៍ដែលកាន់តែយ៉ាប់យ៉ឺននៅតំបន់ហ្កាហ្សា។ លោកជំទាវ កាមិកាវ៉ា យ៉ូកុ បានចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់ជីវិតនិស្សិតកម្ពុជាម្នាក់ផងដែរ៕ដោយ៖ពលជ័យ

ads banner