យុវជន ៥ក្រុម បានឈ្នះក្នុង ការប្រកួតប្រជែងភាពច្នៃប្រឌិតលើការរចនាផលិតផលមេកាត្រូនិច
(ភ្នំពេញ)៖ ការប្រកួតប្រជែងភាពច្នៃប្រឌិតលើការរចនាផលិតផលមេកាត្រូនិច ជាកម្មវិធីប្រកួតប្រជែងមួយដែលរៀបចំឡើង ក្រសួងអប់រំ យុវជន និងកីឡា។ ការប្រកួតប្រជែងបានចូលមកដល់វគ្គផ្ដាច់ព្រ័តនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដោយរកឃើញយុវជនជ័យលាភីចំនួន ៥ក្រុម។

ក្រោយឆ្លងវគ្គជម្រុះ ក្នុងរយៈពេលប៉ុន្មានខែមកនេះ កម្មវិធីប្រកួតប្រជែងភាពច្នៃប្រឌិតលើការរចនាផលិតផលមេកាត្រូនិច ក៏បានឈានដល់វគ្គប្រកួតចុងក្រោយ រវាងក្រុមយុវជនកម្រិតមធ្យមសិក្សាចំនួន ៩ក្រុម ។ ជាលទ្ធផលក្រោយធ្វើបទបង្ហាញ នូវផលិតផល របស់ខ្លួន គណៈកម្មការបានផ្ដល់ជ័យលាភី ជូនក្រុមចំនួន ៥ ដោយមានទាំងក្រុមសិស្សនៅរាជធានីភ្នំពេញ និងក្រុមសិស្សមកពីខេត្តផងដែរ ។
ជ័យលាភីលេខ ៥ គឺបានទៅលើក្រុមមកពីខេត្តបន្ទាយមានជ័យ ដោយក្រុមនេះបង្កើតជាម៉ាស៊ីនច្រូតស្រូវ រីឯក្រុមលេខ ៤ បានទៅលើក្រុម យុវនារីយន្ត ដែលបានបង្កើតគម្រោង Smart Agriculture ចំពោះក្រុមទទួលបានចំណាក់លេខ ៣គឺក្រុមមកពីសាលាបញ្ញាសាស្រ្ត ឬស្សីកែវ ដែលបង្កើតម៉ាស៊ីនឆក់យកកម្ទេចដែកចេញពីអង្ករ។ ជ័យលាភី ២វិញ គឺបានទៅលើក្រុម បៀរដឺមែក នៃវិទ្យាល័យព្រែកលៀប ក្រុមនេះបង្កើតម៉ាស៊ីនស្រោចស្រពទឹកលើដំណាំដោយស្វ័យប្រវត្តប្រើប្រាស់ថាមពលព្រះអាទិត្យ ។ ជ័យលាភីលាភីលេខ ១ គឺបានទៅលើក្រុមក្រុមយុវជន មកពីវិទ្យាល័យ ហ៊ុន សែន អូរាំងឪ ។ ក្រុមនេះបានទទួលជ័យលាភីលេខ ១ ដោយពួកគេបានបង្កើតនូវម៉ាស៊ីនសម្ងួត ដែលប្រើប្រាស់ដោយថាមពលពន្លឺព្រះអាទិត្យ ។
ក្រោយទទួលបានជ័យលាភីលេខ ១ យុវជន ចាន់ សុខលាង ជាតំណាងក្រុម បានពន្យល់បន្ថែមពីអត្ថប្រយោជន៍ ម៉ាស៊ីនសម្ងួត ដែលក្រុមគេបានបង្កើតវាឡើង។ ពួកគេពិតជាសប្បាយចិត្តចំពោះជ័យលាភីនេះ។

ក្រោយចប់ការប្រកួតនេះ ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ ក៏ដូចជាគណៈមេប្រយោគដទៃទៀត ក៏បានកោតសសើរចំពោះភាពពូកែរបស់ក្រុមទាំងអស់ផងដែរ ។ ឯកឧត្តម អនុរដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍ថា ការធ្វើគម្រោងគឺត្រូវរកឱ្យឃើញនូវបញ្ហាជាក់លាក់ និងត្រូវរកដំណោះស្រាយដែលមានប្រសិទ្ធភាពសម្រាប់បញ្ហាមួយនោះ ។ រីឯគណៈមេយោគដទៃ ក៏បានលើកឡើងដែរថា ជ្រើសរើសបញ្ហាតែមួយ ហើយត្រូវដោះស្រាយវាឱ្យបានល្អ គ្រប់ជ្រុងជ្រោយ ៕








ដោយ-រ៉ាវុធ