សមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ និង UNFPA រួមគ្នាដោះស្រាយបញ្ហាស្ត្រី ដែល បម្រើ ការ ក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី «ការចូលរួមគាំទ្រស្រ្តីបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធទទួលបានរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល» ដែលរៀបចំដោយសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងឧបត្ថម្ភថវិកា ដោយមូលនិធិទីភ្នាក់ងារអង្គការសហប្រជាជាតិដើម្បីប្រជាជន នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ ។

សមាសភាពអ្នកចូលរួមថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងផែនការក្រសួងសង្គមកិច្ច ក្រសួងកិច្ចការនារី ក្រសួងទេសចរណ៍ ក្រសួងធម្មការនិងសាសនា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឍមណ្ឌលជាតិគាំពារមាតានិងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ អភិបាលរងរាជធានីភ្នំពេញ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ មន្រ្តីការិយាល័យស្រុកប្រតិបត្តិ ចៅសង្កាត់ តំណាងទីភ្នាក់ងារអង្គការសហ ប្រជាជាតិប្រចាំប្រទេសកម្ពុជា អង្គការ-សមាគមជាតិ អន្តរជាតិនិងស្រ្តីធ្វើការក្នុងសេវាកម្សាន្ត ប្រមាណជិត ២០០នាក់ ។

ថ្លែងក្នុងអង្គសិក្ខាសាលា លោកស្រី សាន់ដ្រា បឺនក្លាវ (Sandra Bernklau) នាយិកាទីភ្នាក់ងារអង្គការសហ ប្រជាជាតិដើម្បី ប្រជាជនប្រចាំព្រះរាជាណាចក្រកម្ពុជា (UNFPA) បានលើកឡើងថា ស្ត្រីអាចទទួលបានសេវាសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសុខភាពមាតា ប្រកបដោយគុណភាព រួមទាំងផែនការគ្រួសារ។ លោកស្រីបានបន្តទៀតថា UNFPA មានកិត្តិយសក្នុងភាពជាដៃគូជាមួយសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ (CWPD) ដើម្បីគាំទ្រដល់ស្ត្រីធ្វើការក្នុងសេវាកម្សាន្តឱ្យអាចចុះឈ្មោះនិងទទួលបានបេឡាជាតិរបបសន្តិសុខសង្គម/ និងប័ណ្ណសមធម៌សុខភាព ហើយ UNFPA ជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ពិចារណាដំណើរការចុះឈ្មោះជាបន្តសម្រាប់ស្ត្រីបម្រើការងារនៅសេវាកម្សាន្ត និងមានហានិភ័យខ្ពស់នៅក្នុងប្រព័ន្ធ ប.ស.ស. និងការបន្តសុពលភាពនៃប័ណ្ណ ម.ស.ស ដល់ទៅបីឆ្នាំ ពោលគឺកើនឡើងពីមួយឆ្នាំនាពេលបច្ចុប្បន្ន ដូច្នេះវានឹងផ្តល់ស្ថេរភាពដល់ក្រុមដែលមានហានិភ័យនិងងាយរងគ្រោះខ្លាំង។

ថ្លែងក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា សិក្ខាសាលានេះពិតជាមានសារសំខាន់ណាស់ គឺសមស្របទៅនឹងគោលបំណង និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបាននឹងកំពុងយកចិត្តទុកដាក់ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលជួបការលំបាកដោយមិនទុកនរណាម្នាក់ចោលដោយមិនបានដោះស្រាយឡើយ រួមទាំងស្ត្រី ដែលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។

តាមរយៈសិក្ខាសាលានេះ យើងនឹងពង្រឹងនិងពង្រីកកិច្ចសហការ ជាមួយស្ថាប័ន ដៃគូរពាក់ព័ន្ធទាំងអស់ ក្នុងការជម្រុញ និងធ្វើឱ្យកាន់តែមានភាពងាយស្រួលដល់ស្ត្រីបម្រើការ ក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល និងការប្រើប្រាស់សេវានៅតាមទីតាំងផ្តល់ សេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធិភាពនិងគ្មានការរើងអើង ៕

ដោយ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner