កម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាបន្តបន្ទាប់ នៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាបន្តបន្ទាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានផ្តល់ប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ និងបានឯកភាពគ្នាអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវកុងសង់ស៊ីស ដែលថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរបានព្រមព្រៀងគ្នានាពេលកន្លងមក ក្នុងនោះរួមមាន (១) ការដាក់ចេញនូវ«កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និង(២) ការបង្កើត «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងមច្ឆានិងអង្ករ» ដែលសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានឯកភាពគ្នាកាលពីខែកុម្ភៈ ឆ្នាំ២០២៣។ ការវាយតម្លៃនេះ ក្នុងជំនួបពិភាក្សាការងារនាទីស្តីការក្រសួង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

ភាគីទាំងពីរក៏បានកត់សម្គាល់ ដោយការពេញចិត្តនូវជំនួបប្រកបដោយផ្លែផ្ការវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំចិន ជាពិសេសឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ក្នុងឱកាសទស្សនកិច្ចរបស់សម្តេចធិបតីទៅកាន់ប្រទេសចិនចំនួន០២លើកកន្លងមក។ ភាគីទាំងពីរក៏បានឯកភាពគ្នាផ្តួចផ្តើមនូវសកម្មភាពជាក់ស្តែងនានា ដើម្បីប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន» នៅឆ្នាំ២០២៤ សំដៅជំរុញកំណើនទេសចរចិនមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនថែមទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner