រដ្ឋមន្ត្រីការបរទេសអាមេរិកថា ប្រទេសខ្លួន និងប្រទេសដៃគូរកំពុងស្វែងរកជម្រើសសម្រាប់ការគ្រប់គ្រង តំបន់ហ្គាហ្សាពេលអនាគត
អាមេរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេនតូនី ប្លីងកេន(Antony Blinken) កាលពីថ្ងៃអង្គារ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បាននិយាយថា សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតកំពុងសម្លឹងមើលការផ្លាស់ប្តូរមួយដែលអាចកើតមានឡើងសម្រាប់អនាគតនៃតំបន់ហ្គាហ្សាស្ទ្រីប ប្រសិនបើពួកសកម្មប្រយុទ្ធហាម៉ាស់ត្រូវបានកម្ចាត់ចោលដោយកងទ័ពអ៊ីស្រាអែល។
លោក ប្លីងកេន បានប្រាប់គណៈកម្មាធិការអនុម័តរបស់ព្រឹទ្ធសភា ឱ្យស្តាប់ស្ថានភាពនៃក្រុមអ៊ីស្លាមប៉ាឡេស្ទីន ហាម៉ាស់(Hamas )ដែលមិនអាចឱ្យបន្តទទួលបន្ទុកចំពោះតំបន់ដែលមានប្រជាជនច្រើនបែបនេះទៀតឡើយ និងថាអ៊ីស្រាអែលក៏មិនចង់គ្រប់គ្រងតំបន់ហ្គាហ្សាដែរ។
លោក Blinken បាននិយាយថា អ្វីដែលស័ក្តិសមបំផុតនោះគឺការមាន អាជ្ញាធរប៉ាឡេស្ទីនដែលសកម្ម និងមានប្រសិទ្ធភាព ដើម្បីធានាថាអាចគ្រប់គ្រងលើតំបន់ហ្គាហ្សាបាន ប៉ុន្តែសំណួរត្រង់ថាវាអាចសម្រេចបានតាមរបៀបណា។
លោក Blinken បន្តថា៖ «ប្រសិនក្នុងករណីអាជ្ញាធរប៉ាឡេស្ទីនមិនអាចធ្វើទៅបាន ការរៀបចំ ឬគ្រប់គ្រងបណ្តោះអាសន្នអាចនឹងត្រូវពាក់ព័ន្ធជាមួយនឹងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់។ ហើយវាក៏អាចពាក់ព័ន្ធរហូតទៅដល់ទីភ្នាក់ងារអន្តរជាតិ ដែលនឹងត្រូវជួយទាំងផ្នែកសន្តិសុខ និងអភិបាលកិច្ច»។
ទោះយ៉ាងណាក្តីមកទល់ពេលនេះ ផែនការគ្រប់គ្រងតំបន់ហ្គាហ្សាដែលសហរដ្ឋអាមេរិក កំពុងចចារជាមួយអ៊ីស្រាអែល ក៏ដូចជាប្រទេសដទៃទៀតនៅក្នុងតំបន់ ក្នុងករណីអ៊ីស្រាអែលឈ្នះលើសមរភូមិនោះ មិនទាន់មានផែនការច្បាស់លាស់លេចចេញជារូបរាងនៅឡើយទេ។
ក្នុងចំណោមជម្រើសមួយចំនួន សារព័ត៌មាន Bloomberg បានរាយការណ៍ ការដាក់កងកម្លាំងចម្រុះជាតិសាសន៍ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ ជាបណ្តោះអាសន្នគឺជាលទ្ធភាពអាចទៅរួចក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា។
គួរជម្រាបថា នៅក្នុងការសងសឹកចំពោះការវាយប្រហាររបស់ពួកហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា បានសម្លាប់មនុស្សជាង ១ពាន់ ៤រយនាក់មកហើយគិតត្រឹមពេលនេះ ពោលគឺជាការវាយប្រហារដ៏អាក្រក់បំផុតមួយ ដោយអ៊ីស្រាអែលបានប្តេជ្ញាថានឹងកម្ចាត់ក្រុមហាម៉ាស់ដែលកំពុងគ្រប់គ្រងតំបន់ហ្គាហ្សា។
ស្របពេលជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិ និងអង្គការផ្តល់ជំនួយផ្សេងៗទៀត បាននិយាយថា ជនស៊ីវិលដែលគ្មានកំហុសនៅតំបន់ហ្គាហ្សាកំពុងស្ថិតក្នុងមហន្តរាយសុខភាពសាធារណៈ ដោយមន្ទីរពេទ្យពិបាកក្នុងការព្យាបាលជនរងគ្រោះ ហើយសូម្បីតែអគ្គិសនីក៏ត្រូវបានកាត់ផ្តាច់ថែមទៀត៕
ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ