នៅថ្ងៃស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីភាពក្នុងការបើកឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីក្រសួងមហាផ្ទៃ

ភ្នំពេញ៖ សម្តេចមហាបវរបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការបើកឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ។

គួរបញ្ជាក់ថា អគារទីស្ដីការថ្មីរបស់ក្រសួងមហាផ្ទៃ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី អតីតរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ចំណាយថវិការប្រមាណ៦០លានដុល្លារសហរដ្ឋអាមេរិក។

អាគារទីស្តីការរបស់ក្រសួងមហាផ្ទៃ មានផ្ទៃដីសរុបទំហំ ៥,៦ ហិកតា ផ្នែកខាងមុខនៃ អាគារនេះ បែរទៅទិសខាងកើត ស្របតាមផ្លូវព្រះនរោត្តម និងបែរមុខចំទន្លេរធំៗទាំងបួន ដែលគេហៅថា ទន្លេចតុមុខ។ អាគារទីស្តីការរបស់ក្រសួមហាផ្ទៃនេះ មានទំហំ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ ចំណតរថយន្ត ដែលអាចចតរថយន្ត ក្នុងអាគារបានសរុប ចំនួន៣៣០គ្រឿង។ ចំណែកឯប្លង់ស្ថាបត្យកម្ម អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុក ចំនួន៥លំនាំ តាម ប្រាសាទអង្គវត្ត កំពូល៥ ដោយអនុលោមតាមគោលការណ៍សមមាត្រ នៃរូបរាងអគារ នឹងបានគិតគូរយ៉ាងហ្មត់ចត់ អំពីពន្លឺ ខ្យល់ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុកភាព ស័ក្តិសមជាទីកន្លែងធ្វើការរួម បែបសម័យទំនើបថ្មី៕
ដោយ៖ពលជ័យ

ads banner