ការប្រឡងសញ្ញាបត្របាក់ឌុបព្រឹកថ្ងៃទី ២នេះមានមុខវិជ្ជាចំនួន២ និងការត្រួតពិនិត្យនៅតែម៉ត់ចត់

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះគឺជាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ(បាក់ឌុប)ឈានដល់ថ្ងៃទី២ហើយ ដោយក្នុងនេះមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ និងក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច។

គួរបញ្ជាក់ថាចំពោះដំណើរការសំណេរនាព្រឹកនេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ( អក្សរសាស្ត្រខ្មែរ រូបវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា)។

ក្រសួងអប់រំ យុវជន និងកីឡានៅតែអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

ក្រសួងអប់រំបានឱ្យដឹងថា នាព្រឹកព្រលឹមថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នេះដែរមានការដឹកហឹបវិញ្ញាសាបេក្ខជនពីសាលារាជធានី ខេត្ត និងសាលាស្រុក ទៅកាន់មណ្ឌលប្រឡងទាំងអស់ដោយ មានការពិនិត្យដោយគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល រួមជាមួយនឹងមន្ត្រីពាក់ព័ន្ធ ក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយនាព្រឹកថ្ងៃអង្គារនេះ។

ជាមួយគ្នានេះក្រសួងអប់រំបានឱ្យដឹងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១ ដំណើរការបានល្អ និងដោយរលូន ហើយមិនមានបាតុភាពមិនប្រក្រតីធំដុំកើតឡើងគួរ ឱ្យកត់សម្គាល់ឡើយដោយសារតែបេក្ខជនគោរពតាមបទប្បញ្ញត្តិ ដែលក្រសួងបានដាក់ចេញ ចំណែកមន្ដ្រីអប់រំគ្រប់លំដាប់ថ្នាក់ អនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពតាមកម្រងភារកិច្ច និងសេចក្ដីណែនាំបច្ចេកទេស របស់ក្រសួងអប់រំ យុវជន និងកីឡា៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner