សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនសមាជិកព្រឹទ្ធសភាចំនួន៥៧រូប ចំពោះការខិតខំបម្រើជាតិ ប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញញជើញបំពាក់គ្រឿងឥស្សរិយយសជូនដល់សមាជិក សមាជិកាព្រឹទ្ធសភានីតិកាលទី៤ ចំនួន៥៧នាក់ ចំពោះការខិតខំបម្រើជាតិ ប្រជាពលរដ្ឋ និងរួមចំណែកកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឆ្ពោះទៅកាន់នីតិរដ្ឋ។ ពិធីដ៏មានអត្ថន័យនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា។

ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការរៀបចំគ្រឿងឥស្សរិយយសជូនសមាជិកព្រឹទ្ធសភា បានជម្រាបជូនអង្គពិធីថា ពិធីបំពាក់គ្រឿងឥស្សរិយយសនាឱកាសនេះ ជាការលើកទឹកចិត្ត និងជាការសម្តែងកតញ្ញូតាធម៌ជូនចំពោះសមាជិក សមាជិកាព្រឹទ្ធសភា ដែលបានខិតខំបង្កើតស្នាដៃធំៗ មានអត្ថន័យវិសេសវិសាល ហើយឆ្លុះបញ្ចាំងឲ្យឃើញនូវគុណបំណាច់ និងស្នាដៃដ៏ខ្ពង់ខ្ពស់របស់សមាជិក សមាជិកាព្រឹទ្ធសភា ក្នុងការបម្រើជាតិ ប្រជាពលរដ្ឋ និងរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឆ្ពោះទៅកាន់នីតិរដ្ឋ។

នៅនីតិកាលទី៤នេះ សមាជិក សមាជិកាព្រឹទ្ធសភា បានជម្នះ និងពុះពារបំពេញភារកិច្ចរបស់ខ្លួនតាមមុខងារទាំងបីរបស់ព្រឹទ្ធសភា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកក្នុងការបម្រើផលប្រយោជន៍ដល់ការគ្រប់គ្រងរដ្ឋ គ្រប់គ្រងសេដ្ឋកិច្ច និងគ្រប់គ្រងសង្គម ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់នៃបទដ្ឋានគតិយុត្តិជាច្រើន សម្រាប់បម្រើដល់ការកសាងព្រះរាជាណាចក្រកម្ពុជាជានីតិរដ្ឋ ព្រមទាំងតម្រូវការនៃការធ្វើសមាហរណកម្មកម្ពុជានៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិដែលធ្វើឲ្យសង្គមជាតិឈានឆ្ពោះទៅរកវឌ្ឍនភាពជាលំដាប់ ទោះបីត្រូវប្រឈមនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី។ ជាមួយគ្នានេះ ព្រឹទ្ធសភាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពូនជុំប្រជាធិបតេយ្យភាវូបនីយកម្មសង្គមថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន សំដៅធានាការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងផលប្រយោជន៍ទូទៅរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងបានខិតខំរួមចំណែកជំរុញឲ្យការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា កាន់តែមានសន្ទុះរីកចម្រើនថែមទៀត ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងសេដ្ឋកិច្ច សង្គម វប្បធម៌របស់ជាតិ ប្រព្រឹត្តទៅដោយសមធម៌ មានតម្លាភាព និងគណនេយ្យភាពពិតប្រាកដ។ ទន្ទឹមនេះដែរ ព្រឹទ្ធសភាបានចូលរួមយ៉ាងសកម្មក្នុងការពង្រឹងនីតិរដ្ឋ អភិបាលកិច្ចល្អ និង ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន។

នៅក្នុងការចុះទៅមូលដ្ឋាន ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋ គណៈកម្មការនានារបស់ព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានចូលរួមចំណែកជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ តាមរយៈការជួយលើបញ្ហាសង្គមកិច្ច អប់រំ វប្បធម៌ សាសនា ព្រមទាំងការកសាងសមិទ្ធផលផ្សេងៗ។ ដោយឡែកក្នុងពេលត្រូវប្រឈមនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សមាជិក សមាជិកាព្រឹទ្ធសភា បានយកអស់កម្លាំងកាយ កម្លាំងចិត្ត ចូលរួមប្រឆាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងភូមិភាគទាំង៨ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះឆ្លងជំងឺកូវីដ-១៩ តាមរយៈសកម្មភាពចុះសួរសុខទុក្ខ ផ្សព្វផ្សាយអំពីវិធានសុខាភិបាលក្នុងការទប់ស្កាត់ និងការពារជំងឺកូវីដ-១៩ ការជួយឧបត្ថម្ភជាថវិកា សម្ភារ ឧបករណ៍ការពារជម្ងឺកូវីដ-១៩ និងគ្រឿងឧបភោគ បរិភោគជាដើម។ ដោយឡែកសម្រាប់ការងារទំនាក់ទំនងអន្តរជាតិ សមាជិក សមាជិកាព្រឹទ្ធសភា បានចូលរួមយ៉ាងសកម្ម ក្នុងការបង្កើតឲ្យមានទំនាក់ទំនងអន្តរជាតិល្អ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងការពង្រឹងសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តនានា និងជាមួយអង្គការដៃគូអន្តរជាតិ។ ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយអង្គការនីតិបញ្ញត្តិផ្សេងទៀត បានបង្ហាញឲ្យឃើញនូវលទ្ធផលជាវិជ្ជមានដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជាមិត្តនៅក្នុងតំបន់ ក៏ដូចជានៅលើឆាកអន្តរជាតិ។ ជាមួយគ្នានោះ ព្រឹទ្ធសភាសហការជាមួយរដ្ឋសភា បានរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានលទ្ធផលជោគជ័យគួរឲ្យកត់សម្គាល់។ សមិទ្ធផលធំៗរបស់សមាជិក សមាជិកាព្រឹទ្ធសភា ដែលបានបង្កើតនៅក្នុងនីតិកាលទី៤នេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលជំរុញការងារសម្រាប់នីតិកាលខាងមុខទៀតរបស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានសន្ទុះវឌ្ឍនភាពថ្មី ប្រកបដោយឋាមពលក្លៀវក្លា និងក្នុងជំនឿទុកចិត្តយ៉ាងរឹងមាំបំផុត។ ជាពិសេសនឹងបន្តយកចិត្តទុកដាក់ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីរួមចំណែកជម្រុញការអភិវឌ្ឍប្រទេសជាតិ សំដៅសម្រេចឲ្យបានដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានគូសបញ្ជាក់ថា ការបំពាក់គ្រឿងឥស្សរិយយសនាពេលនេះ គឺជាការបំពាក់លើកទី២ នៃនីតិកាលទី៤ ហើយគ្រឿងឥស្សរិយយសដែលត្រូវបំពាក់ជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភានាពេលនេះ គឺជាគ្រឿងឥស្សរិយយស ដែលចាត់ក្នុងចំណាត់ថ្នាក់ខ្ពង់ខ្ពស់បំផុតនៃប្រភេទគ្រឿងឥស្សរិយយសរបស់ជាតិ។

គ្រឿងឥស្សរិយយសដែលបំពាក់ជូនសមាជិកព្រឹទ្ធសភា នាពេលនោះ រួមមាន៖ ទី១-គ្រឿងឥស្សរិយយស មុនីសារភ័ណ្ឌ ថ្នាក់មហាសេនា ចំនួន០២ ទី២-គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានីព្រះស៊ីសុវត្ថិ មុនីវង្សកុសុមៈនារីរ័ត្ន ថ្នាក់មហាសេនា ចំនួន០៣ ទី៣-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ចំនួន០៥ ទី៤-គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន១៤ ទី៥-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន០៥ ទី៦-គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានីព្រះស៊ីសុវត្ថិ មុនីវង្សកុសុមៈនារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន០៨ ទី៧-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ចំនូន១៧ ទី៨-គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់មហាសេនា ចំនួន០១ ទី០៩-គ្រឿងឥស្សរិយយស ជាតូបការ ចំនួន០២ និងទី១០-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ ចំនួន០២៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា

ads banner