តំណាងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា អញ្ជើញ ចូលរួមសន្និសីទ ថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនី លើកទី៤៤ នៅទីក្រុង Yaoundé
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការ និងជាអ្នក សម្រប សម្រួលជាតិអមអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF)តំណាង រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំ គណៈ ប្រតិភូ កម្ពុជា ចូលរួមសន្និសីទ ថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនី (CMF) លើកទី៤៤ នៅទីក្រុង Yaoundé តបតាមការអញ្ជើញរបស់រដ្ឋាភិបាល កាមេរូន នៅថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
សន្និសីទ CMF នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម រដ្ឋមន្ត្រី ការបរទេសទុយនីស៊ី ដែលជាប្រធាន CMF លើកទី៤៤ និងលោកជំទាវ អគ្គលេខា ធិការ អង្គការ OIF និងមានការចូលរួម ពី សំណាក់រដ្ឋមន្រ្តី ការបរទេស និង គណៈប្រតិភូមកពី ប្រទេស សមាជិក អង្គការ OIF ចំនួន៥៤ ព្រមទាំងប្រតិបត្តិករអង្គការ ហ្វ្រង់កូហ្វូនី និង តំណាង អង្គការ អន្តរជាតិ និងតំបន់ជាច្រើនរូប។
សន្និសីទ CMF លើកទី៤៤ ក្រោមមូលបទ “អភិបាលកិច្ចល្អ៖ ការ ធានា ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងវប្បធម៌សម្រាប់ប្រជាពលរដ្ឋ និយាយភាសាបារាំង (Bonne gouvernance: Gage de stabilité politique, économique et culturelle pour les citoyens francophones)” បានផ្តោតការពិភាក្សាយ៉ាងផុសផុលជាសំខាន់លើ (១) កត្តាដែលនាំឱ្យមានការធ្លាក់ចុះនូវលទ្ធិប្រជាធិបតេយ្យ ក្នុង ប្រទេស ប្រើប្រាស់ ភាសាបារាំង ជាពិសេស នៅក្នុងទ្វីបអាហ្វ្រិក និង ស្ថានការណ៍ពិភពលោកគ្រប ដណ្តប់ដោយវិបត្តិ និង សង្រ្គាម អ៊ុយក្រែន និង មជ្ឈិមបូព៌ា (២) លើតួនាទីរបស់អង្គការ OIF និង រដ្ឋសមាជិកក្នុង ស្វែងរកដំណោះស្រាយនិងការស្តារលទ្ធិប្រជាធិបតេយ្យ និង អភិបាល កិច្ច ល្អ នៅក្នុងលំហហ្វ្រង់កូហ្វូន (៣) កិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយម និង សាមគ្គីភាពប្រកបដោយបរិយាបន្ន តម្លាភាព ដើម្បី បុព្វហេតុសន្តិភាព ស្ថិរភាព ការីកចម្រើនសេដ្ឋកិច្ច និងការ អភិវឌ្ឍប្រកបដោយចីរភាព។
អង្គប្រជុំបានអនុម័តឯកសារជាច្រើន ជាពិសេស សេចក្តីសម្រេច ទីក្រុង Yaoundé (Résolution de Yaoundé) ដែលផ្តោតសារសំខាន់លើ (១) ការលើកកម្ពស់អភិបាលកិច្ចល្អ សន្តិភាព សិទ្ធិមនុស្ស និងលទ្ធិ ប្រជា ធិបតេយ្យ ដែលជាតម្លៃស្នូលរបស់ហ្វ្រង់កូហ្វូនី នៅក្នុងលំហ ហ្វ្រង់កូហ្វូន ជាពិសេស តាមរយៈការចូលរួមរបស់ស្រ្តីនិងយុវជន (២) សាកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលត្រូវបញ្ចូលឱ្យ កាន់តែច្រើនឡើង នូវតម្រូវការរបស់ប្រទេសកំពុងអភិវឌ្ឍ ជាពិសេស ប្រទេសហ្វ្រង់ហ្វូន នៃ ទ្វីបអាហ្វ្រិក និង តួនាទីរបស់អង្គការ OIF ក្នុងការបង្កើតលក្ខខណ្ឌ ដែលអនុញ្ញាតឱ្យប្រទេសទាំងនេះធ្វើសមាហរណកម្មប្រកបដោយជោគជ័យនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក និង (៣) ការរួមចំណែក របស់ អង្គការ OIF ក្នុងការដោះស្រាយ បញ្ហាប្រែប្រួល អាកាសធាតុ ជាមួយ នឹងអង្គការសហប្រជាជាតិ (៤) សារៈសំខាន់ក្នុងលើកតម្កើង ការប្រើ ប្រាស់ភាសាបារាំងនៅក្នុងប្រទេសសមាជិក និង ក្នុងពិភពលោក និង (៥) ការការពារ និងលើកកម្ពស់ពហុវប្បធម៌ និងពហុភាសាក្នុង បណ្តា ប្រទេស ហ្វ្រង់កូហ្វូនី។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ប្រទេសបារាំង បានទទួលប្រធាន CMF ពីប្រទេសទុយនីស៊ី និង រៀបចំ កិច្ចប្រជុំ CMF លើកទី៤៥ មួយថ្ងៃ មុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ និង ៥ ខែតុលា ឆ្នាំ២០២៤ នៅ Château de Villers-Cotterêts ទីក្រុង ប៉ារីស ក្រោម មូលបទ “បង្កើត ធ្វើនវានុវត្តន៍ និង សហគ្រិនភាព ជាភាសាបារាំង” ៕




