រដ្ឋបាលខេត្តកំពតត្រៀមលក្ខណៈជាស្រេចសម្រាប់ការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ពិធីប្រណាំងទូក ង ខេត្តនាពេលខាងមុខ

កំពត ៖ អាជ្ញាធរខេត្តបានត្រៀមរួចជាស្រេចនូវកម្លាំងសមត្ថកិច្ចចម្រុះ ដើម្បី រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តកំពត នាឱកាសនៃ ពិធី ប្រណាំងទូកងនាពេលខាងមុខនេះ។ កម្លាំងចម្រុះមានចំនួនជាង ១.០០០នាក់ នឹងត្រូវប្រើប្រាស់ដើម្បីសម្រួលចរាចរណ៍ ទប់ស្កាត់ បង្ក្រាបបទល្មើសផ្សេងៗ ។

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតក្នុងកិច្ច ប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តបានត្រៀម លក្ខណៈរួចជាស្រេចក្នុងការប្រើប្រាស់កម្លាំងដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរដែលមកសម្រាក កម្សាន្តក្នុងខេត្តកំពត ក្នុងឱកាសនៃពិធីប្រណាំងទូកងនៅថ្ងៃទី១០ និង ១១ ខែវិច្ឆិកា ខាងមុខនេះ។

ឧត្តមសេនីយ៍ទោស្នងការបានបន្ថែមថា កម្លាំងដែលត្រូវប្រើប្រាស់ ទាំង អស់មានចំនួន ១.១៤៥នាក់ ។ក្នុងនោះមាន កម្លាំងរបស់ស្នងការនគរ បាល ខេត្តមានចំនួន ៨១០នាក់, កម្លាំងកងរាជអាវុធហត្ថខេត្តមានចំនួន ១២៣នាក់, កម្លាំងតំបន់ប្រត្តិបត្តការសឹករងខេត្តចំនួន ៥០នាក់, កម្លាំង សន្តិសុខលំហសមុទ្រចំនួន ២០នាក់, កម្លាំងមូលដ្ឋាន សមុទ្រចំនួន ២១ នាក់, កម្លាំងវរៈការពារព្រំដែនទឹក២៤១ចំនួន ៣០នាក់, កម្លាំងកង អន្តរាគមន៍លេខ២ ការពារកោះឆ្នេរ ចំនួន ១០នាក់, កម្លាំងមន្ទីរសុខា ភិបាល ចំនួន ៣១នាក់, ទីចាត់ការអន្តរវិស័យសាលាខេត្តចំនួន ២៧ នាក់, កម្លាំងរដ្ឋបាលជលផលចំនួន ៩នាក់, កម្លាំងមន្ទីរសាធារណៈការ និងដឹកជញ្ជូនចំនួន ៤នាក់ និងកម្លាំងអង្គភាពអគ្គិសនីកំពតចំនួន ១០នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានថ្លែងកោតសរសើ ចំពោះកងកម្លាំងទាំងអស់ ដែលកន្លងមកបានរួមសហការគ្នា ក្នុងការ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវ ទេសចរដែលបានមកសម្រាកកម្សាន្តក្នុងខេត្ត។ ពិសេសបានសហការ គ្នាយ៉ាងល្អនៅពេលមានព្រឹត្តិការណ៍កម្សាន្តធំដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្ត។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញ ឱ្យកម្លាំងសមត្ថកិច្ចទាំងអស់បន្តរួមសហការគ្នាធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសុវត្តិភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្ត ក្នុងខេត្តកំពត នាឱកាសនៃព្រឹត្តិការណ៍ប្រណាំងទូកងនាពេល ខាងមុខឱ្យបានកាន់តែល្អប្រសើគ្រប់គោលដៅទាំងអស់៕
ដោយ ៖ សិលា សារិន

ads banner