ការប្រឡងបាក់ឌុបបានបិទបញ្ចប់៖ ការទន្ទឹងរង់ចាំរយៈពេល ជាង១២ឆ្នាំ នៃការប្រឡងដ៏ធំក្នុងជីវិតមួយនេះក៏បានឆ្លងកាត់ដែរ
ភ្នំពេញ៖ ឆ្លងកាត់ការប្រឡងយ៉ាងស្វិតស្វាញ រយៈពេលពីរ ថ្ងៃនៃការ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប សម័យ ប្រឡង៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ត្រូវបាន បញ្ចប់ជា ស្ថាពរ នៅល្ងាចថ្ងៃទី ៧ ខែវិច្ឆិកា ។
ក្រសួងអប់រំ យុវជន និងកីឡាបានសរសេរលើ ទំព័រហ្វេសប៊ុក ផ្លូវការ ដោយ បានបញ្ជាក់ថា”បន្ទាប់ពីរង់ចាំរយៈពេល១២ឆ្នាំ! ការប្រឡងបាក់ ឌុប ២០២៣ ត្រូវបញ្ចប់ជាស្ថាពរ អបអរសាទរបេក្ខជនគ្រប់រូប ដែលបានប្រឡងដោយពឹងលើសមត្ថភាពផ្ទាល់ខ្លួន!”។
ជាមួយនឹងការលើកឡើងពីការចូលរួមអបអរសារទរដល់បេក្ខជនប្រឡងក្រសួងអប់រំក៏បានបង្ហាញពីរូបភាពនៃទឹកមុខប្រកបដោយក្តីរីករាយរបស់បេក្ខជនក្រោយបញ្ចប់ការប្រឡង ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ។
ដំណើរការសំណេរសម្រាប់ប្រឡង សញ្ញាបត្រ បាកឌុប នារសៀល ថ្ងៃទី២ ដែលជាថ្ងៃបិទបញ្ចប់នេះ សម្រាប់ថ្នាក់ វិទ្យាសាស្ត្រ ត្រូវប្រឡង វិញ្ញាសាគណិតវិទ្យា និងវិទ្យាសាស្ត្រសង្គមប្រឡងវិញ្ញាសា អក្សរសាស្ត្រ ខ្មែរ។ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (គណិតវិទ្យា ពីម៉ោង១៤:០០ដល់ ១៦:៣០) សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម( អក្សរសាស្ត្រខ្មែរ ពីម៉ោង ១៤:០០ ដល់ម៉ោង ១៦:៣០)។
គួរបញ្ជាក់ថា សម្រាប់ការប្រឡងបាក់ឌុបនាឆ្នាំនេះ មានបេក្ខជន ចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់( ស្រី ៧៣ ២៧៨នាក់), មណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥ ៥៤៣បន្ទប់។
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅ ថ្ងៃទី២៨ ខែវិច្ឆិកា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃ ទី២៩ ខែវិច្ឆិកាសម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើ ទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕
ដោយ៖ម៉ាដេប៉ូ






