កម្ពុជា និងចិន ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ និងអបអរសាទរឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្ដែងការគួរសមពីសំណាក់ ឯកឧត្តម ឡូវ ឈីនជៀន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេស នៅទីស្ដីការក្រសួង កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ខណៈដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្ត ក្នុងការពង្រឹងបន្ថែមទៀតនូវក្របខណ្ឌ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ភាគីទាំងពីរ បានគូសបញ្ជាក់ដោយពេញចិត្តចំពោះការរីកចម្រើន ដ៏គួរឱ្យកត់សម្គាល់ នៃទំនាក់ទំនងកម្ពុជា-ចិន និងកោតសរសើរចំពោះការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ។
ឯកឧត្តម ឡូវ ឈីនជៀន បានអបអរសាទរកម្ពុជាចំពោះការរៀបចំការបោះឆ្នោតសកលដោយជោគជ័យ និងការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីដោយរលូនក្នុងឆ្នាំនេះ។ ឯកឧត្ដម បានបង្ហាញនូវជំនឿចិត្តថា កម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធផលកាន់តែធំធេងបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា អត្រាអ្នកទៅបោះឆ្នោតខ្ពស់ និងការគាំទ្រដ៏ច្រើនលើសលប់ចំពោះរាជរដ្ឋាភិបាលកម្ពុជា គឺដោយសារប្រជាជនមានទំនុកចិត្តលើរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរបស់ប្រជាជន។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់មិត្តចិនចំពោះការគាំទ្រ និងជំនួយមិន អាចកាត់ថ្លៃបានដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា រួមទាំងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានទាន់ពេលវេលា។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះសមិទ្ធផលលេចធ្លោនានា នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ជាពិសេសផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការជំរុញការវិនិយោគរបស់ចិនឱ្យបានច្រើននៅកម្ពុជា ជាពិសេសការប្តេជ្ញាចិត្តក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ដោយរំលឹកពីជំនួបប្រកបដោយផ្លែផ្ការវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំចិន ជាពិសេសជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងឯកឧត្ដមនាយករដ្ឋមន្ត្រី លី ឈាង ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការជំរុញ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន» ក្នុងឆ្នាំ២០២៤ ឱ្យក្លាយទៅជាឆ្នាំប្រកបដោយផ្លែផ្កាជាមួយនឹងលទ្ធផលជាក់ស្តែង តាមរយៈការទាក់ទាញភ្ញៀវទេសចរ ចិនបន្ថែមទៀត និងការហោះហើរត្រង់កាន់តែច្រើនពីប្រទេសចិនមកកម្ពុជា ជាពិសេសមកកាន់ខេត្តសៀមរាប។
ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកូសង់ស៊ីស ជាយុទ្ធសាស្ត្ររវាងថ្នាក់ដឹកនាំទាំងពីរ រួមទាំងការបង្កើត “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ”៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

